FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋចិនសម្រុកទៅប្រើ App ឆាតជាសំឡេងថ្មីមួយរបស់អាមេរិកយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីគេចពីការតាមដាន

08-02-2021 07:52

(ប៉េកាំង)៖ ខណៈពេលដែល TikTok កំពុងតែល្បីនោះ ពេលនេះស្រាបតែលេចចេញនូវ App ឆាតជាសំឡេងថ្មីមួយទៀត ដែលមានឈ្មោះថា Clubhouse ដោយបាននិងកំពុងតែទាក់ទាញអ្នកប្រើប្រាស់ចិន យ៉ាងភ្លូកទឹកភ្លូកដី ព្រោះអី App មួយនេះអាចឱ្យពួកគេគេចផុសពីការចាប់ ពិរុទ្ធ និងតាមដានរបស់រដ្ឋាភិបាលចិន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា Clubhouse ជា App ថ្មី របស់សហរដ្ឋអាមេរិក មិនទាន់ត្រូវបានអាជ្ញាជរចិនចាប់ពិរុទ្ធនៅឡើយ ព្រោះកំពុងស្ថិតក្នុងដំណាក់កាលចរចាគ្នាជុំវិញសិទ្ធិអត្តសញ្ញាណជាតិ និងប្រធានបទរសើបៗផ្សេងទៀត។

កម្មវិធីឆាតជាសំឡេងមួយនេះ បានចាប់ផ្ដើមដាក់ឱ្យដំណើរការ នៅដើមឆ្នាំ២០២០ និងទើបតែ ទទួលបានចំនួនអ្នកប្រើប្រាស់យ៉ាងច្រើន កាលពីដើមខែនេះ ក្រោយពីលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងលោក Vlad Tenev នាយកប្រតិបត្តិ ក្រុមហ៊ុន ហិរញ្ញវត្ថុអាមេរិក Robinhood បានធ្វើការចរចាគ្នាគួរឱ្យភ្ញាក់ផ្អើលអំពី Clubhouse។

សារព័ត៌មាន Reuters បានរកឃើញថា អ្នកប្រើប្រាស់ភាសាចិន ដែលបង្កើតជាគ្រុប និងមានសមាជិកយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ បានសន្ទនាជាសំឡេងលើប្រធានបទ ក្ដៅមួយចំនួនដូចជា ជំរំឃុំឃាំងស៊ីនជាំង, ការទាមទារឯករាជ្យភាពរបស់កោះតៃវ៉ាន់ និងច្បាប់សន្តិសុខជាតិរបស់ក្រុងហុងកុងផងដែរ។

ប្រធានបទទាំងនេះសុទ្ធសឹងតែជាប្រធានបទក្ដៅ ដែលរដ្ឋាភិបាលចិនបានទប់ស្កាត់ការចែករំលែកតាមប្រព័ន្ធអនឡាញ បានចាប់ពិរុទ្ធកាន់តែខ្លាំងឡើងៗ ទៅលើខ្លឹមសារនានារបស់ស្ថាប័នសារព័ត៌មាន និងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើន ត្រូវបានហាមឃាត់នៅក្នុងប្រទេសនេះ៕