បណ្ឌិត ម៉ី កល្យាណ៖ កម្ពុជាកំពុងទាក់ទាញក្រុមហ៊ុនទាំងក្នុង និងក្រៅស្រុក មកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម នៅខេត្តកំពង់ធំ (Video inside)
28-11-2026 08:49
(ភ្នំពេញ)៖ បណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងរៀបចំ និងជំរុញការទាក់ទាញក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស ឱ្យមកបណ្ដាក់ទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម នៅខេត្តកំពង់ធំ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងបង្កើនឱកាសវិនិយោគនៅក្នុងខេត្ត។
ការលើកឡើងរបស់បណ្ឌិត ម៉ី កល្យាណ ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធី FRESH BUSINESS ក្រោមប្រធានបទ «ហេតុអ្វីបានជាកម្ពុជាត្រូវការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម?»។
បណ្ឌិត ម៉ី កល្យាណ បានឱ្យដឹងថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មនេះ បានចាប់ផ្ដើមដំណើរការរៀបចំអស់រយៈពេលជិត ២ឆ្នាំមកហើយ ដោយបច្ចុប្បន្នកំពុងបន្តរៀបចំលក្ខខណ្ឌ និងក្របខណ្ឌសហការវិនិយោគ ក្នុងទម្រង់ជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារវាងភាគីកម្ពុជា និងអ្នកវិនិយោគ ព្រមទាំងមានកិច្ចសហការរវាងខេត្តកំពង់ធំ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
លោកបណ្ឌិតបានបញ្ជាក់ថា បន្ទាប់ពីមានការព្រមព្រៀង និងចុះហត្ថលេខាលើកិច្ចសហការរួចរាល់ ភាគីពាក់ព័ន្ធនឹងបន្តរៀបចំនីតិវិធីស្នើសុំការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រងលើតំបន់សេដ្ឋកិច្ចពិសេស។
បណ្ឌិត ម៉ី កល្យាណ បានបញ្ជាក់ថា ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសមិនមែនជាការងារដែលអាចមើលឃើញលទ្ធផលភ្លាមៗនោះទេ ព្រោះត្រូវការការរៀបចំក្របខណ្ឌការងារ ការសម្របសម្រួល និងការទាក់ទាញវិនិយោគិនជាបន្តបន្ទាប់។ ជាក់ស្ដែងគម្រោងនេះ បាននិងកំពុងពិភាក្សាជាមួយក្រុមហ៊ុនប្រមាណ ១០ក្រុមហ៊ុនរួចមកហើយ ដើម្បីស្វែងរកឱកាសសហការវិនិយោគ។
បណ្ឌិត ម៉ី កល្យាណ បានសង្កត់ធ្ងន់ថា ការទាក់ទាញវិនិយោគិនមិនកំណត់ត្រឹមតែក្រុមហ៊ុនជប៉ុន ឬក្រុមហ៊ុនបរទេសណាមួយនោះទេ ប៉ុន្តែបើកចំហទទួលស្វាគមន៍អ្នកវិនិយោគទាំងអស់ ទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ដែលមានបំណងចូលរួមអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មនៅខេត្តកំពង់ធំ។
បណ្ឌិត ម៉ី កល្យាណ បានឱ្យដឹងថា នៅខេត្តកំពង់ធំ គ្រោងនឹងមានតំបន់សេដ្ឋកិច្ចចំនួន ២ ដោយតំបន់មួយផ្ដោតជាពិសេសលើការកែច្នៃ និងអភិវឌ្ឍផលិតផលស្វាយចន្ទី ខណៈតំបន់សេដ្ឋកិច្ចពិសេសដែលលោកកំពុងចូលរួមរៀបចំ គឺផ្ដោតលើសកម្មភាពសេដ្ឋកិច្ច និងឧស្សាហកម្មផ្សេងៗ ក្រៅពីវិស័យស្វាយចន្ទី ដោយបើកទូលាយចំពោះគ្រប់ប្រភេទអាជីវកម្ម និងការវិនិយោគ។
លោកបានបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសនេះមានក្របខណ្ឌសម្រាប់សម្របសម្រួលការវិនិយោគ ដូច្នេះអ្នកវិនិយោគដែលមានចំណាប់អារម្មណ៍ អាចចូលរួមសហការ និងបណ្ដាក់ទុន ដោយមិនមានការកំណត់ត្រឹមតែជាតិសាសន៍ ឬប្រភេទក្រុមហ៊ុនណាមួយឡើយ៕




