សេដ្ឋវិទូបណ្ឌិត ម៉ី កល្យាណ៖ ការអភិវឌ្ឍវិស័យកសិកម្មកាន់តែប្រសើរជាងបច្ចុប្បន្ន បើកម្ពុជាបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម!
28-11-2026 08:47
(ភ្នំពេញ)៖ បណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បានលើកឡើងថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម គឺជាកត្តាសំខាន់មួយក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា ឱ្យកាន់តែរីកចម្រើន និងអាចប្រើប្រាស់សក្ដានុពលដែលមានស្រាប់ឱ្យអស់លទ្ធភាព ខណៈវិស័យនេះនៅតែមានបញ្ហាប្រឈម និងមិនទាន់ទទួលបានការអភិវឌ្ឍដល់កម្រិតសក្ដានុពលនៅឡើយ។
ការលើកឡើងរបស់បណ្ឌិត ម៉ី កល្យាណ ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធី FRESH BUSINESS ក្រោមប្រធានបទ «ហេតុអ្វីបានជាកម្ពុជាត្រូវការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម?»។
បណ្ឌិត ម៉ី កល្យាណ បានពន្យល់ថា មូលហេតុសំខាន់នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ គឺផ្ដោតលើវិស័យកសិកម្ម មិនមែនគ្រាន់តែជាការពង្រីកវិស័យឧស្សាហកម្មនោះទេ ព្រោះកម្ពុជាជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចលើវិស័យកសិកម្ម ប៉ុន្តែវិស័យនេះនៅមិនទាន់អភិវឌ្ឍបានពេញលេញ ហើយប្រជាកសិករមួយចំនួននៅតែជួបការលំបាក និងមានជីវភាពខ្វះខាត។
បណ្ឌិត ម៉ី កល្យាណ បានបញ្ជាក់ថា ការអភិវឌ្ឍប្រទេសមួយឱ្យមានស្ថិរភាព និងរឹងមាំ ត្រូវមានការអភិវឌ្ឍទាំងវិស័យកសិកម្ម និងឧស្សាហកម្ម ស្របពេលដែលកម្ពុជាមានចំណុចខ្លាំងលើវិស័យកសិកម្ម និងនៅមានសក្ដានុពលជាច្រើន ដែលមិនទាន់ត្រូវបានប្រើប្រាស់ឱ្យអស់លទ្ធភាព។
ជាក់ស្ដែងក្នុងអំឡុងពេលជំងឺកូវីដ-១៩ កម្ពុជាមិនបានប្រឈមនឹងការលំបាកខ្លាំងដូចប្រទេសមួយចំនួន ដោយសារប្រទេសមានផលិតផលកសិកម្ម និងស្បៀងអាហារសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក។
បណ្ឌិត ម៉ី កល្យាណ បានបន្តថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម ក៏មានគោលបំណងទាក់ទាញការវិនិយោគក្នុងស្រុក និងក្រៅប្រទេសឱ្យកាន់តែច្រើន ដើម្បីបង្កើតកំណើនសេដ្ឋកិច្ច ការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងអ្នកវិនិយោគមួយចំនួនមកពីតៃវ៉ាន់ ជប៉ុន និងប្រទេសជិតខាង មានបំណងចង់មកបណ្ដាក់ទុននៅកម្ពុជា ប៉ុន្តែពួកគេនៅជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដូចជា ការស្វែងរក និងទិញដី ការរៀបចំឯកសារកម្មសិទ្ធិដីធ្លី ការផ្គត់ផ្គង់អគ្គិសនី ទឹក និងការគ្រប់គ្រងសំណល់។
លោកបណ្ឌិតបានពន្យល់ថា បញ្ហាទាំងនេះអាចធ្វើឱ្យអ្នកវិនិយោគខាតបង់ពេលវេលា និងចំណាយថវិកាច្រើន បើប្រៀបធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់ ដូចជាវៀតណាម ដែលមានដំណើរការរៀបចំការវិនិយោគលឿនជាង។ ដូច្នេះការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម គឺជាយន្តការមួយសម្រាប់សម្រួលដល់ការវិនិយោគ និងបង្កើតបរិយាកាសអំណោយផលដល់អ្នកវិនិយោគក្នុងការមកបណ្ដាក់ទុននៅកម្ពុជា។
បណ្ឌិត ម៉ី កល្យាណ បានចាត់ទុកវិស័យកសិកម្មថា ជាបេះដូងរបស់ប្រទេសកម្ពុជា ដោយសារប្រទេសមានធនធាន និងសក្ដានុពលកសិកម្មច្រើន ប៉ុន្តែសក្ដានុពលទាំងនេះមិនទាន់ត្រូវបានអភិវឌ្ឍ និងប្រើប្រាស់ឱ្យបានពេញលេញនៅឡើយ។ លោកបានលើកឡើងថា កម្ពុជាមិនគួរត្រឹមតែបន្តនិយាយអំពីសក្ដានុពលកសិកម្មនោះទេ ប៉ុន្តែត្រូវមានយន្តការជាក់ស្ដែង ដើម្បីជំរុញឱ្យសក្ដានុពលទាំងនោះក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕




