FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំចេញអង្ករឧកញ៉ា សុង សារ៉ន គាំទ្ររដ្ឋាភិបាលចំពោះការកំណត់គោលដៅចាកចេញពី LDC នៅឆ្នាំ២០២៩ ដែលជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក

27-11-2026 16:12

(ភ្នំពេញ)៖ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុននាំចេញអង្ករដ៏ល្បីឈ្មោះរបស់កម្ពុជា បានបង្ហាញការគាំទ្ររាជរដ្ឋាភិបាល ចំពោះការកំណត់យកឆ្នាំ២០២៩ ជាគោលដៅជាយុទ្ធសាស្ត្រសម្រាប់កម្ពុជា ក្នុងការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC )។

លោកបានគូសបញ្ជាក់ថា ដំណើរការចាកចេញនេះ មិនគួរគ្រាន់តែជាជោគជ័យលើក្រដាស ឬការបំពេញតាមលក្ខខណ្ឌបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែក្លាយជាការផ្លាស់ប្តូរជាក់ស្តែង ដែលនាំមកនូវភាពរឹងមាំនៃសេដ្ឋកិច្ច ការបង្កើតការងារធ្វើ ការលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ព្រមទាំងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក។

ទន្ទឹមនឹងនេះ ឧកញ៉ា សុង សារ៉ន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងផលិតភាពកសិកម្ម ការបង្កើតតម្លៃបន្ថែមលើផលិតផលក្នុងស្រុក ការពង្រីកទីផ្សារនាំចេញ និងការវិនិយោគលើបច្ចេកវិទ្យាទំនើប ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។ កត្តាទាំងនេះនឹងធានាឱ្យកម្ពុជាមានសមត្ថភាពម្ចាស់ការ ឈរលើជើងខ្លួនឯង និងប្រកួតប្រជែងលើឆាកអន្តរជាតិ បានដោយចីរភាព។

លោកបានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា ក្រោមការរួបរួមគ្នាយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប កម្ពុជានឹងអាចប្រែក្លាយគោលដៅឆ្នាំ២០២៩ ឱ្យទៅជាកាលានុវត្តភាព និងកម្លាំងចលករថ្មី ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លាទៅមុខ។

សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានពន្យល់ឡើងវិញអំពីផែនការរបស់កម្ពុជា ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ខណៈផែនការនេះបានកំណត់នៅឆ្នាំ២០២៤ ដោយដាក់នូវជម្រើសពីរ ក្នុងឆ្នាំ២០២៧ និងឆ្នាំ២០២៩។

បើតាមប្រសាសន៍របស់សម្ដចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាចង់ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ជាមួយភាពរឹងមាំខាងផ្នែកសេដ្ឋកិច្ច។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងមានជម្រើសពីរនៅឆ្នាំ២០២៤ ក្រោយពីការវាយតម្លៃឲ្យកម្ពុជាអាចចាកចេញបាន ពេលនោះបានលើកជម្រើសពីរ ជម្រើសទី១ បីឆ្នាំនៅចុងឆ្នាំ២០២៧ ជម្រើសទី២ ប្រាំឆ្នាំនៅឆ្នាំ២០២៩។ ក្រោយពីការសិក្សាម្មត់ចត់របស់គណៈកម្មាធិការជំនាញជាមួយដៃគូ យើងសម្រេចចិត្តយករយៈពេល៥ឆ្នាំ។ មូលហេតុសាមញ្ញទេ អត់ចង់ល្អមើល ហើយអត់ល្អស៉ីនោះទេ ពាក្យខ្មែថា ចង់បានទាំងល្អមើល និងល្អស៉ី»៕