FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាចុះកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយអារ៉ាប៊ីសាអូឌីត និងអាហ្សង់ទីន

27-11-2026 14:37

(ម៉ុងរ៉េអាល់)៖ ក្នុងឱកាសចូលរួមមហាសន្និបាតវិសាមញ្ញលើកទី៤៣ របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា, កម្ពុជាបានសម្រេច ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស (ASA) ជាមួយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងសាធារណរដ្ឋអាហ្សង់ទីន។

ពិធីចុះហត្ថលេខានេះ ត្រូវបានដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ជាមួយថ្នាក់ដឹកនាំអាជ្ញាធរអាកាសចរណ៍ស៊ីវិល នៃប្រទេសទាំងពីរ។

លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានបង្កើនបណ្តាញកិច្ចព្រមព្រៀង ASA និង MoU ទ្វេភាគីរបស់កម្ពុជាដល់ចំនួន៥០ នៅទូទាំងពិភពលោក។

កិច្ចព្រមព្រៀងទាំងពីរ នឹងផ្តល់នូវក្របខ័ណ្ឌគតិយុត្តដ៏រឹងមាំ ក្នុងការតភ្ជាប់ជើងហោះហើរត្រង់ និងប្រយោលរវាងកម្ពុជា ទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាមេរិកឡាទីន ព្រមទាំងផ្តល់ភាពបត់បែនខ្ពស់ដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការធ្វើប្រតិបត្តិការពាណិជ្ជកម្ម។

សមិទ្ធផលនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីជោគជ័យនៃនយោបាយបើកចំហជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងដ៏សំខាន់ ក្នុងការជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។

លើសពីនេះ កិច្ចព្រមព្រៀងជាមួយអារ៉ាប៊ីសាអូឌីត នឹងជួយសម្រួលយ៉ាងខ្លាំង ដល់ការធ្វើដំណើររបស់បងប្អូនសហគមន៍ខ្មែរឥស្លាម ទៅបំពេញធម្មយាត្រាហាជ្ជ និងអ៊ុមរ៉ោះ ប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់៕