អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រកាសកែសម្រួលមុខទំនិញកំណត់ពិសេស និងដាក់ឱ្យប្រើប្រាស់គំរូត្រាពន្ធគយថ្មី ចាប់ពីដើមឆ្នាំ២០២៧
27-11-2026 12:48
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានចេញសេចក្តីណែនាំស្តីពីការកែសម្រួលមុខទំនិញកំណត់ពិសេសដែលត្រូវបិទត្រាពន្ធគយ គំរូត្រាពន្ធគយថ្មី និងនីតិវិធីនៃការប្រើប្រាស់ត្រាពន្ធគយ ស្របតាមផែនការសកម្មភាពកែទម្រង់ និងទំនើបកម្មគយ សំដៅបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលថវិកាជាតិ។ ការអនុវត្តវិធានការថ្មីនេះ នឹងត្រូវចូលជាធរមានជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ។
យោងតាមការណែនាំ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្ថែមមុខទំនិញមួយចំនួនដែលតម្រូវឱ្យបិទត្រាពន្ធគយ រួមមាន ស្រាគ្រប់ប្រភេទដែលមានជាតិអាល់កុលលើសពី ១០% (បិទលើគម្របដប), ស្រាបៀរ (បិទលើកេស) និងភេសជ្ជៈមានជាតិអាល់កុលមិនលើសពី ១០% ដូចជា Spy, Rio និង Vodka Cruiser (បិទលើកេស ឬសំបកវេចខ្ចប់)។
ដោយឡែក ទំនិញជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ជាតម្រូវការមូលដ្ឋានប្រចាំថ្ងៃមួយចំនួនត្រូវបានដកចេញ ហើយមុខទំនិញមួយចំនួនទៀតត្រូវបានប្ដូរទៅឱ្យប្រកាសលេខសម្គាល់លំដាប់ (Serial Number ឬ IMEI) ជំនួសវិញ។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានដាក់ឱ្យប្រើប្រាស់នូវគំរូត្រាពន្ធគយថ្មី ដែលមានកម្រិតសុវត្ថិភាពខ្ពស់ និងភ្ជាប់ជាមួយ QR Code ដើម្បីផ្ដល់ភាពងាយស្រួលដល់សាធារណជនក្នុងការស្កេនពិនិត្យព័ត៌មានជាក់ស្តែង៕




