FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គម្រោងអាមេរិកដំឡើងពន្ធបដិការ ១៨% លើទំនិញកម្ពុជា, ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងត្រៀមចូលរួមសវនាការចរចាជាមួយអាម៉េរិក នៅខែមករា ឆ្នាំ២០២៧

26-11-2026 21:00

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ឱ្យដឹងថា ពាក់ព័ន្ធនឹងគម្រោងដំឡើងពន្ធបដិការចំនួន ១៨% លើមុខទំនិញកម្ពុជាពីសំណាក់សហរដ្ឋអាមេរិក ក្រសួងពាណិជ្ជកម្មកំពុងខិតខំប្រមូលចងក្រងព័ត៌មាន និងទិន្នន័យចាំបាច់នានា ដើម្បីដាក់ជូនការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ព្រមទាំងបន្តកិច្ចពិគ្រោះយោបល់ទ្វេភាគីជាមួយសហរដ្ឋអាម៉េរិក។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះជុំវិញបញ្ហាដែលសហរដ្ឋអាម៉េរិក បានស្នើពិចារណាដាក់ពន្ធបន្ថែមរហូតដល់ ១៨% លើទំនិញនាំចូលពីកម្ពុជា ក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងសមត្ថភាពផលិតលើសតម្រូវការក្នុងវិស័យឧស្សាហកម្ម, លោក ប៉ែន សុវិជាតិ បានបញ្ជាក់ឱ្យដឹងដូចនេះថា «ចាប់តាំងពីការចាប់ផ្តើមការស៊ើបអង្កេតក្រោមមាត្រា ៣០១ កាលពីខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បានតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់ការវិវត្ត និងបន្តកិច្ចពិភាក្សា និងពិគ្រោះយោបល់ជាមួយភាគី USTR , ក្រសួងបាននិងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីរៀបចំមតិយោបល់ជាសាធារណៈ (Public Comments) ដាក់ជូន USTR ឱ្យបានទាន់កាលកំណត់ (ថ្ងៃ ទី៥ ខែមករា ឆ្នាំ២០២៧) និងត្រៀមចូលរួមសវនាការសាធារណៈ (ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៧) ព្រមទាំងបន្តកិច្ចពិគ្រោះយោបល់ទ្វេភាគីជាមួយសហរដ្ឋអាម៉េរិក»។

ជាមួយគ្នាក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ពាណិជ្ជករ បន្តរក្សាភាពស្ងប់ស្ងាត់ និងជឿជាក់រាជរដ្ឋាភិបាល ក្នុងការចរចានៅពេលខាងមុខ។

គូសបញ្ជាក់ថា អត្រាពន្ធ ១៨% នេះ (ដែលជាអត្រាថ្មី ជំនួសឱ្យអត្រាពន្ធ ១០% ក្រោមមាត្រា ៣០១ បច្ចុប្បន្ន) នៅត្រឹមជាសំណើនៅឡើយ ពោលពុំទាន់ត្រូវបានសម្រេចជាស្ថាពរ និងចូលជា ធរមាននោះទេ (គ្រោងអនុវត្តក្នុងអំឡុងខែមីនា ឆ្នាំ២០២៧ បន្ទាប់ពីឆ្លងកាត់នីតិវិធីសំខាន់ៗ រួមមានការផ្តល់មតិសាធារណៈ និងសវនការសធារណៈក្នុងអំឡុងខែមករា ក៏ដូចជានីតិវិធីផ្ទៃក្នុង ដើម្បីវាយតម្លៃជាថ្មីរបស់USTR ដោយផ្អែកលើមតិសាធារណៈ និងឯកសារបន្ថែមផ្ដល់ដោយ ប្រទេសនីមួយៗក្រោមការស៊ើបអង្កេត)។

ផ្អែកលើអត្រានាពេលបច្ចុប្បន្ន ក៏ដូចជាសំណើអត្រាថ្មី កម្ពុជានៅបន្តរក្សាបានភាពប្រកួតប្រជែង របស់ខ្លួនក្នុងតំបន់។ យ៉ាងណាមិញ ក្រសួងនឹងបន្តប្រកាន់យកអភិក្រមបុរេសកម្ម ក្នុងការពិភាក្សា និងកិច្ចពិគ្រោះយោបល់ជាមួយភាគី USTR ដើម្បីបន្តចរចាទម្លាក់អត្រាពន្ធនេះបន្ថែមទៀត សំដៅ បន្តរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា។

លោក ប៉ែន សុវិជាតិ បានបន្ថែមថា ចាប់ពីការអនុវត្តមាត្រា ៣០១ មកទល់បច្ចុប្បន្ន ពុំមានសញ្ញាណណាមួយដែលប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកនោះទេ ដ្បិតថាកម្ពុជាបន្តអនុវត្តអត្រាពន្ធ MFN បូកបន្ថែម ១០% ក្រោមមាត្រា ៣០១ ដែលជាអត្រាទាបក្នុងតំបន់។

ក្នុងន័យនេះ កម្ពុជា នៅតែបន្តរក្សាភាពប្រកួតប្រជែងធៀបនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់។ ជាក់ស្តែងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សហរដ្ឋអាម៉េរិក នៅបន្តមានកំណើនដោយកើន ២៩% ក្នុងទំហំ ១៣,៨ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៦ នេះបើធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលក្នុងនោះការនាំចេញនៅបន្តមានកំណើនគួរកត់ឱ្យសម្គាល់ក្នុង អត្រា ២៨% ឬ ១៣ ប៊ីលានដុល្លារអាម៉េរិក។

លោកបានបន្ថែមថា បច្ចុប្បន្នសំណើពន្ធក្រោមមាត្រា ៣០១ ពុំមានប៉ះពាល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (ART) នោះទេ ដោយភាគីទាំងពីរបន្តអនុវត្តពន្ធ MFN+10% នៅឡើយ។ យ៉ាងណាមិញ ក្រសួងនឹងបន្តប្រកាន់យកអភិក្រមបុរេសកម្ម ក្នុងការសហការ និងបន្តពិគ្រោះយោបល់ជាមួយភាគីអាម៉េរិក ដើម្បីបន្តការពារអត្ថប្រយោជន៍របស់វិស័យឯកជន និងស្វែងរកដំណោះស្រាយ ដែលផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក។

លោក ប៉ែន សុវិជាតិ ក៏បានបញ្ជាក់ដែរថា ក្រសួងពាណិជ្ជកម្មនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលទិន្នន័យព័ត៌មាន និងឯកសារគាំទ្រចាំបាច់ ដើម្បីបន្តកិច្ចពិគ្រោះយោបល់ជាមួយភាគី USTR និងចូលរួមយ៉ាងសកម្មក្នុងគ្រប់នីតិវិធីរបស់ភាគី USTR រួមមាន ការផ្តល់មតិសាធារណៈ និងការចូលរួមសវនការសាធារណៈជាដើម។

សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧។

កម្ពុជាជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក។ កិច្ចព្រមព្រៀងនេះបានកម្រិតមិនអាចឱ្យអាមេរិកដំឡើងពន្ធបដិការលើសពី ១៩ភាគរយឡើយ។

គួររំលឹកថា ទាក់ទងនឹងការកំណត់ពន្ធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់តំណែងមក មានការប្រែប្រួលជាបន្តបន្ទាប់។

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានកំណត់បដិការលើការនាំចូលទំនិញពីកម្ពុជា ក្នុងអត្រា៤៩%។ ក្រោយពីកម្ពុជាបានចរចាជាច្រើនលើក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អត្រាពន្ធបដិការត្រូវបានកំណត់ជាថ្មីក្នុងអត្រា១៩%។ តែយ៉ាងណាមិញ អត្រាពន្ធដែលបានកំណត់នេះ ត្រូវបានតុលាការកំពូលរបស់សហរដ្ឋអាមេរិក បានសម្រេចលុបចោលពន្ធដោយសារខុសច្បាប់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

យ៉ាងនេះក្ដី តាមច្បាប់ពាណិជ្ជកម្មអាមេរិក ក្នុងមាត្រា ១២២ បានអនុញ្ញាតឱ្យប្រធានាធិបតីអាចមានសិទ្ធិដាក់ពន្ធពី ១០% រហូតដល់១៥% ក្នុងរយៈពេល១៥០ថ្ងៃ។ ដូច្នេះហើយ លោក ដូណាល់ ត្រាំ បានសម្រេចដាក់ ១០% ទៅលើគ្រប់បណ្ដាប្រទេសទាំងអស់។ ពន្ធបដិការនេះត្រូវបានអនុវត្តចប់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយជំនួសមកវិញដោយពន្ធបដិការថ្មី លើមាត្រា ៣០១។

តាមរយៈមាត្រា ៣០១នេះ សហរដ្ឋអាមេរិកបានស៊ើបអង្កេតទៅប្រទេសចំនួន៦០ លើ២ចំណុច៖ Force Labor (ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬទិញសម្ភារពីប្រទេសដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ) និង Excess Capacity (ការផលិតបានច្រើនលើសអ្វីៗដែលផលិត ហើយមានការចូលរួមឧបត្ថម្ភធនទៅដល់ក្រុមហ៊ុន ដើម្បីផលិតបានច្រើនលក់ទៅសហរដ្ឋអាមេរិក ដោយមានការប្រកួតប្រជែងត្រឹមត្រូវ)។

ក្រោយការស៊ើបអង្កេត សហរដ្ឋអាមេរិកបានកំណត់ពន្ធថ្មី ក្នុងអត្រាចាប់ពី១០% ទៅ១២.៥% បូក MFN។ ដូច្នេះ ប្រទេសទាំង៦០ ដែលនាំចូលទំនិញទៅសហរដ្ឋអាមេរិក ត្រូវអនុវត្តពន្ធថ្មីដែលបានកំណត់ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយកម្ពុជា រួមនឹងប្រទេស២ទៀត រួមមាន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ត្រូវអនុវត្តពន្ធបដិការ ១០% បូក MFN ខណៈប្រទេស៣៨ទៀត រួមមានថៃ វៀតណាម ត្រូវអនុវត្ត ១២.៥% បូក MFN៕