FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អ្នកឧកញ៉ា សៀ ឬទ្ធី និងក្រុមហ៊ុន ធេលហ្វា អ៊ិន ចាប់ដៃគូជាយុទ្ធសាស្ត្រ ផ្ដាច់មុខក្នុងការផ្តល់សេវាកម្មឡូជីស្ទីក

22-11-2026 11:26

(ភ្នំពេញ)៖ ក្រុមហ៊ុន ធេលហ្វា អ៊ិន ដែលជាក្រុមហ៊ុនចែកចាយផលិតផលឱសថនៅកម្ពុជា និងក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តាច់មុខ ស្តីពីការផ្តល់សេវាកម្មឡូជីស្ទីក ដែលតាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក នឹងទទួលបន្ទុកប្រតិបត្តិការឃ្លាំងស្តុកឱសថ និងផលិតផលវេជ្ជសាស្ត្រដាច់ដោយឡែកមួយ សម្រាប់ក្រុមហ៊ុន ធេលហ្វា អ៊ិន នៅក្នុងទីតាំងឃ្លាំងរបស់ខ្លួន អាសយដ្ឋាន ផ្លូវជាតិលេខ២ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយមានការចុះហត្ថលេខាពី លោក Vivek Sharma ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ក្រុមហ៊ុន ធេលហ្វា អ៊ិន និងលោក Richard Lui នាយកនៃក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក Vallabhaneni Pundari Baba អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ធេលហ្វា អ៊ិន លោក Dickson Pang ប្រធាននាយកដ្ឋានពាណិជ្ជកម្ម នៃក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក ព្រមទាំងមានវត្តមានជាសាក្សីកិត្តិយសពីសំណាក់ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប និងលោក សែន សារ៉ាត់ ប្រធាននាយកដ្ឋានផ្នែកលក់ នៃក្រុមហ៊ុន ធេលហ្វា អ៊ិន ។

ក្រោមកិច្ចសហប្រតិបត្តិការរយៈពេលវែងនេះ ក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក នឹងផ្តល់ជូនក្រុមហ៊ុន ធេលហ្វា អ៊ិន នូវសេវាកម្មឃ្លាំងស្តុកឱសថឯកទេស ដែលបំពាក់ដោយប្រព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងសីតុណ្ហភាពយ៉ាងត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពនៃការរក្សាទុកផលិតផលឱសថ ជាពិសេសផលិតផលដែលតម្រូវឱ្យមានការរក្សាទុកក្នុងខ្សែសង្វាក់ត្រជាក់ ។ សេវាកម្មនេះរួមមានទីតាំងផ្ទុកទំនិញដែលមានសីតុណ្ហភាពក្រោម +30°C និងបន្ទប់ត្រជាក់ដែលរក្សាសីតុណ្ហភាពចន្លោះពី +2°C ដល់ +8°C។

លើសពីនេះ សេវាកម្មរួមមានការលើកដាក់ និងរៀបចំទំនិញ ការគ្រប់គ្រងស្តុក ការទទួលទំនិញចូល ការរៀបចំ និងបំពេញការបញ្ជាទិញ ព្រមទាំងការដឹកជញ្ជូនផលិតផលទៅកាន់ទីតាំងនានាតាមតម្រូវការរបស់អតិថិជន។ សេវាកម្មទាំងនេះមានគោលបំណងគាំទ្រដល់ប្រសិទ្ធភាពនៃប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ និងធានាឱ្យបាននូវការចែកចាយផលិតផលឱសថប្រកបដោយភាពជឿជាក់ និងទាន់ពេលវេលា។

ដើម្បីពង្រឹងគុណភាពសេវាកម្ម និងធានាឱ្យការរក្សាទុក និងចែកចាយឱសថស្របតាមស្តង់ដារអនុវត្តល្អ (Good Distribution Practice – GDP និង Good Storage Practice – GSP) ហើយក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក នឹងចាប់ផ្តើមដំណើរការស្នើសុំវិញ្ញាបនបត្រ GDP/GSP សម្រាប់ទីតាំងនេះ បន្ទាប់ពីប្រតិបត្តិការចាប់ផ្តើម។

ប្រតិបត្តិការនៅទីតាំងឃ្លាំងនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៧ បន្ទាប់ពីបញ្ចប់នីតិវិធីចាំបាច់ពាក់ព័ន្ធនឹងការទទួលបានអាជ្ញាបណ្ណប្រតិបត្តិការឃ្លាំង និងការជូនដំណឹងជាផ្លូវការទៅកាន់ក្រសួងសុខាភិបាល ស្របតាមបទប្បញ្ញត្តិជាធរមាន។

លោក Vivek Sharma ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ធេលហ្វា អ៊ិន បានថ្លែងថា អ្នកជំងឺ និងវេជ្ជបណ្ឌិតនៅកម្ពុជាតែងតែពឹងផ្អែកលើការរក្សាទុក និងការដឹកជញ្ជូនឱសថឱ្យស្ថិតក្នុងលក្ខខណ្ឌសមស្រប និងស្របតាមស្តង់ដារគុណភាពគ្រប់ពេលវេលា។ ភាពជាដៃគូនេះនឹងផ្តល់ជូនក្រុមហ៊ុន ធេលហ្វា អ៊ិន នូវលទ្ធភាពប្រើប្រាស់ឃ្លាំងផ្ទុកឱសថដែលមានអាជ្ញាបណ្ណ និងបំពាក់ដោយប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព រួមទាំងប្រព័ន្ធខ្សែសង្វាក់ត្រជាក់ (Cold Chain) ជាក់លាក់ ដែលគ្រប់គ្រងដោយដៃគូផ្នែកឡូជីស្ទីកដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់។

កិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹងគុណភាពសេវាកម្មដែលយើងផ្តល់ជូនដល់ដៃគូផលិតឱសថ និងអ្នកផ្តល់សេវាថែទាំសុខភាពនៅទូទាំងប្រទេស ព្រមទាំងបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ការពង្រីកអាជីវកម្ម និងការអភិវឌ្ឍឱកាសថ្មីៗនាពេលអនាគត។

លោក Vallabhaneni Pundari Baba អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ធេលហ្វា អ៊ិន បានមានប្រសាសន៍បន្ថែមថា៖ការផ្ទេរប្រតិបត្តិការឃ្លាំងស្តុកឱសថរបស់យើងមកកាន់ក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក នឹងអនុញ្ញាតឱ្យក្រុមការងាររបស់យើងផ្តោតការយកចិត្តទុកដាក់លើសមត្ថភាពអាជីវកម្មស្នូលរបស់យើង គឺការចុះបញ្ជី និងនាំយកឱសថដែលមានគុណភាពខ្ពស់មកកាន់ទីផ្សារកម្ពុជា។ ទន្ទឹមនឹងនេះ យើងអាចធានាបានថា ស្តុកឱសថរបស់យើងនឹងត្រូវបានរក្សាទុក និងគ្រប់គ្រងស្របតាមស្តង់ដារអន្តរជាតិ ដោយមានប្រព័ន្ធត្រួតពិនិត្យ និងតាមដានច្បាស់លាស់ ដែលជួយពង្រឹងប្រសិទ្ធភាព និងភាពជឿជាក់ក្នុងប្រតិបត្តិការរបស់យើង។

លោក Richard Liu នាយកក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក បានមានប្រសាសន៍ថា៖គោលដៅរបស់ ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក មិនត្រឹមតែជាការផ្តល់សេវាកម្មឡូជីស្ទីក ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្តោតសំខាន់លើការយល់ដឹងយ៉ាងស៊ីជម្រៅអំពីតម្រូវការអាជីវកម្មរបស់ដៃគូយើងផងដែរ។ តាមរយៈភាពជាដៃគូនេះ យើងមានបំណងគាំទ្រដល់កំណើនអាជីវកម្មរបស់ក្រុមហ៊ុន ធេលហ្វា អ៊ិន តាមរយៈការផ្តល់ដំណោះស្រាយឡូជីស្ទីក ដែលមានភាពជឿជាក់ ប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន។

កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែពង្រឹងសមត្ថភាព និងពង្រីកវិសាលភាពសេវាកម្មរបស់ ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលកាន់តែរឹងមាំ មានប្រសិទ្ធភាព និងអាចទុកចិត្តបាន សម្រាប់គាំទ្រដល់ការរីកចម្រើននៃវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្រុមហ៊ុន ធេលហ្វា អ៊ិន គឺជាក្រុមហ៊ុននាំចូល និងចែកចាយឱសថដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨។ ក្រុមហ៊ុនមានជំនាញក្នុងការចុះបញ្ជី នាំចូល និងចែកចាយឱសថមានវេជ្ជបញ្ជា ក្នុងនាមក្រុមហ៊ុនផលិតឱសថអន្តរជាតិនៅទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុនមានជំនាញក្នុងវិស័យព្យាបាលជំងឺជាច្រើន រួមមាន ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ការថែទាំសង្គ្រោះបន្ទាន់ និងការព្យាបាលជំងឺទូទៅ ព្រមទាំងមានបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញផ្នែកសុខាភិបាលជាង ១០,០០០ នាក់នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក គឺជាផ្នែកមួយនៃក្រុមហ៊ុន KLN Logistics Group Limited (លេខកូដភាគហ៊ុន៖ 0636.HK) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទីក និងដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់រួមបញ្ចូលដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ ផ្តល់ជូននូវសេវាកម្មឃ្លាំងគយ ការបំពេញបែបបទគយ ការដឹកជញ្ជូន ការចែកចាយ និងដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ទូលំទូលាយ។

ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក គាំទ្រដល់វិស័យឧស្សាហកម្មជាច្រើនប្រភេទ ដោយផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើវិស័យវេជ្ជសាស្ត្រ និងសុខាភិបាល តាមរយៈការផ្តល់ដំណោះស្រាយឡូជីស្ទីក ឯកទេសសម្រាប់ផលិតផលឱសថ សម្ភារៈបរិក្ខារពេទ្យ និងសម្ភារៈផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ។

តាមរយៈហេដ្ឋារចនាសម្ព័ន្ធឃ្លាំងទំនើប បណ្តាញចែកចាយដែលអាចទុកចិត្តបាន និងការប្តេជ្ញាចិត្តក្នុងការគ្រប់គ្រងទំនិញប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ខេ-វើលដ៏ប្រ៊ីដ ឡូជីស្ទីក ឯ.ក មានគោលបំណងគាំទ្រដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងវិស័យសុខាភិបាល និងធានាឱ្យផលិតផលវេជ្ជសាស្ត្រចាំបាច់ត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅនានាប្រកបដោយភាពជឿជាក់ និងទាន់ពេលវេលា។

ដោយទទួលបានវិញ្ញាបនបត្រពាណិជ្ជករឆ្នើមកម្ពុជា ឆ្នាំ២០១៩ (Cambodia's Best Trader Certificate 2019) រួមបញ្ចូលនូវជំនាញ និងបទពិសោធន៍ដ៏រឹងមាំក្នុងស្រុក ជាមួយនឹងបណ្តាញប្រតិបត្តិការអន្តរជាតិរបស់ក្រុមហ៊ុន KLN ដែលមានវិសាលភាពគ្របដណ្តប់លើប្រទេសចំនួន ៥៩ នៅទូទាំងពិភពលោក ដើម្បីផ្តល់ជូនអតិថិជននូវដំណោះស្រាយភស្តុភារកម្មរួមបញ្ចូល ប្រកបដោយប្រសិទ្ធភាព និងភាពជឿជាក់៕