លោកស្រីណ្ឌិត ជា សិរី ចែករំលែកបទពិសោធរបស់កម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល នៅក្នុងពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៦
21-11-2026 14:05
(សិង្ហបុរី)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចែករំលែកបទពិសោធរបស់កម្ពុជា ក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទូទាត់ឌីជីថល ការរក្សាទំនុកចិត្តលើប្រាក់រៀល ព្រមទាំងការពង្រីកលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋ ក្នុងពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៦ (Singapore FinTech Festival 2026) កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។
លោកស្រីបណ្ឌិត ជា សិរី បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «អនាគតនៃប្រព័ន្ធទូទាត់ពហុច្រក៖ តើគួរផ្តល់អាទិភាពលើច្រកណាមុនគេ?» ក្នុងពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៦ (Singapore FinTech Festival 2026) កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។
ក្នុងកិច្ចពិភាក្សានេះលោកស្រីបណ្ឌិត ជា សិរី បានចូលរួមផ្លាស់ប្តូរទស្សនៈ ជាមួយវាគ្មិនជាន់ខ្ពស់មកពីធនាគារកណ្តាល និងស្ថាប័នរូបិយវត្ថុសំខាន់ៗជាច្រើន រួមមាន សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារកណ្តាលអឺរ៉ុប នាយករងគ្រប់គ្រងនៃ អាជ្ញាធររូបិយវត្ថុសិង្ហបុរី ទេសាភិបាលរងធនាគារកណ្តាលឥណ្ឌា និងទេសាភិបាលរងធនាគារកណ្តាលកាតា។ កិច្ចពិភាក្សានេះត្រូវបានសម្របសម្រួល ដោយនាយិកាគ្រប់គ្រងផ្នែកគោលនយោបាយ និងការអភិវឌ្ឍជំនាញនៃបណ្តាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (GFTN)។
កិច្ចពិភាក្សាផ្តោតសំខាន់លើការកសាងប្រព័ន្ធហិរញ្ញវត្ថុ ដែលមានទំនុកចិត្តខ្ពស់ តាមរយៈការលើកកម្ពស់ប្រតិបត្តិការអន្តរធនាគារ ការពង្រឹងបរិយាបន្នហិរញ្ញវត្ថុ កិច្ចការពារអតិថិជន និងភាពធន់នៃប្រព័ន្ធ។ ជាមួយគ្នានេះ វាគ្មិនក៏បានពិភាក្សាអំពី គោលនយោបាយដែលគួរដាក់ជាអាទិភាព ក្នុងបរិបទបច្ចុប្បន្ន ដើម្បីធានាថាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុអាចផ្តល់នូវប្រសិទ្ធភាព និងអត្ថប្រយោជន៍ជាក់ស្តែងដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងវិស័យអាជីវកម្ម។
លោកស្រីបណ្ឌិត ជា សិរី បានចែករំលែកបទពិសោធរបស់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឌីជីថល ការរក្សាទំនុកចិត្តលើប្រាក់រៀល ព្រមទាំងការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋ។
លោកស្រីបណ្ឌិតក៏បានលើកឡើងពី យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០២៦-២០៣០ ដែលបានកំណត់ការលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រីជាអាទិភាពដ៏សំខាន់មួយ ក្នុងគោលបំណងពង្រីកឱកាសទទួលបានសេវាហិរញ្ញវត្ថុ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។
ការចូលរួមក្នុងវេទិកាអន្តរជាតិនេះ គឺជាឱកាសសម្រាប់កម្ពុជា ក្នុងការចែករំលែកបទពិសោធ និងទស្សនៈលើការអភិវឌ្ឍប្រព័ន្ធទូទាត់ និងវិស័យហិរញ្ញវត្ថុ ព្រមទាំងចូលរួមក្នុងការផ្លាស់ប្តូរចំណេះដឹងជាមួយស្ថាប័នហិរញ្ញវត្ថុ និងធនាគារកណ្តាលនានា ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ ឱ្យកាន់តែមានប្រសិទ្ធភាព បរិយាបន្ន និងភាពធន់៕




