FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាជំរុញការអភិវឌ្ឍកសិ-ឧស្សាហកម្ម ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក និងការនាំចេញ ព្រមទាំងការទាក់ទាញវិនិយោគ

20-11-2026 15:02

(ភ្នំពេញ)៖ លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងធ្វើជាវាគ្មិនក្នុងវគ្គពិភាក្សាតុមូល នៃសន្និសីទថ្នាក់តំបន់ស្ដីពី «ការពិនិត្យឡើងវិញនូវខ្សែច្រវាក់តម្លៃថ្នាក់តំបន់ក្នុងមហាអនុតំបន់មេគង្គ» ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នៅសណ្ឋាគារ Hyatt Regency Phnom Penh។

ក្នុងឱកាសនេះ លោកអគ្គលេខាធិការរង បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មឱ្យកាន់តែរឹងមាំ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក។

ជាពិសេស លោកបានរំលេចអំពីគំនិតផ្តួចផ្តើមក្នុងការបង្កើត ឱ្យមាននូវសួនឧស្សាហកម្មស្វាយចន្ទីក្នុងខេត្តកំពង់ធំ រួមជាមួយនឹងការដាក់ចេញនូវក្របខណ្ឌអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្ម (Agro-Industrial Park - AIP) ដែលជាយន្តការគន្លឹះក្នុងការប្រមូលផ្តុំខ្សែច្រវាក់ផលិតកម្ម ការកែច្នៃ និងការនាំចេញ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ទៅកាន់ទីផ្សារក្នុងតំបន់ និងសកល។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់នូវបរិយាកាសវិនិយោគដ៏ទាក់ទាញ តាមរយៈកញ្ចប់លើកទឹកចិត្តឆ្លាតវៃ ក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ តំបន់សេដ្ឋកិច្ចពិសេស កម្លាំងពលកម្មវ័យក្មេងប្រកបដោយសក្តានុពល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ប្រព័ន្ធអនុគ្រោះពន្ធ ព្រមទាំងយន្តការសម្របសម្រួលវិនិយោគប្រកបដោយប្រសិទ្ធភាព។

លើសពីនេះ លោកក៏បានចូលរួមចែករំលែកទស្សនៈ និងអនុសាសន៍គោលនយោបាយ ក្នុងវគ្គពិភាក្សាតុមូល ស្ដីពី «ការជំរុញពាណិជ្ជកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម ដើម្បីពង្រឹងទីតាំងកម្ពុជា នៅក្នុងខ្សែច្រវាក់ផលិតកម្មថ្នាក់តំបន់» ជាមួយតំណាងវិស័យឯកជន និងអ្នកស្រាវជ្រាវ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិកម្មនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕