តាមរយៈអាកាសយានដ្ឋានថ្មី២ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការតភ្ជាប់ជើងហោះហើរ ទៅបណ្តាប្រទេសហ្វ្រង់កូហ្វូនី (Video inside)

20-11-2026 13:55

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានលើកឡើងថា តាមរយៈអាកាសយានដ្ឋានថ្មីចំនួន២ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រីកការតភ្ជាប់ជើងហោះហើរ ទៅកាន់បណ្តាប្រទេសហ្វ្រង់កូហ្វូនី ដើម្បីបង្កើនទំនាក់ទំនងផ្លូវអាកាស និងសម្រួលដល់ការធ្វើដំណើររវាងកម្ពុជា និងប្រទេសទាំងនោះ។

ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា ធ្វើឡើងក្នុងកិច្ចពិភាក្សា នៃកម្មវិធី Fresh Business លើប្រធានបទ៖ «ការតភ្ជាប់ជើងហោះហើរ ពីកម្ពុជាទៅបណ្តាប្រទេសហ្វ្រង់កូហ្វូនី​»។

លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងថា នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ក៏យើងមានកិច្ចប្រជុំមួយដែលយើងបានជួបជុំគ្នា ដើម្បីពិភាក្សាពីការតភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសហ្វ្រង់កូហ្វូនី ក្នុងឱកាសកិច្ចប្រជុំហ្វ្រង់កូហ្វូនីនេះផងដែរ។

លោកបានបន្ដថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រីកការតភ្ជាប់ផ្លូវអាកាស ជាមួយបណ្តាប្រទេសហ្វ្រង់កូហ្វូនី តាមរយៈសមត្ថភាពថ្មី នៃអាកាសយានដ្ឋានសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានសាងសង់ឡើង ដើម្បីត្រៀមទទួលកំណើនអ្នកដំណើរក្នុងរយៈពេលវែង។

លោកបានបន្ថែមថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កម្ពុជាមានសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ថ្មីធំៗចំនួន២ គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។ សម្រាប់អាកាសយានដ្ឋានសៀមរាបអង្គរ ត្រូវបានរចនាឡើងដោយមានសមត្ថភាព អាចស្រូបយកអ្នកដំណើរពី៧លាននាក់ រហូតដល់២០លាននាក់ ក្នុងរយៈពេលខ្លី និងមធ្យម។ ចំណែកអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរៀបចំសមត្ថភាពសម្រាប់ទទួលអ្នកដំណើរពី១៥លាននាក់ រហូតដល់៣០លាននាក់។

លោកបានបន្ថែមថា តាមការរំពឹងទុក នៅឆ្នាំ២០៣៥ កម្ពុជានឹងមានសមត្ថភាពអាចស្រូបយកអ្នកដំណើរបានរហូតដល់ ២២លាននាក់។ ទោះជាយ៉ាងណា បច្ចុប្បន្នចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅកម្ពុជា នៅមានប្រមាណ ៧លាននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ជាក់ស្តែងគិតត្រឹមខែតុលា ឆ្នាំ២០២៦ ចំនួនអ្នកដំណើរមានជាង ៥លាននាក់ ឬជិត ៦លាននាក់ ហើយតាមការប៉ាន់ប្រមាណអាចកើនដល់ជិត ៧លាននាក់នៅដំណាច់ឆ្នាំ។

លោក ស៊ីន ចាន់សិរីវុត្ថា បានបន្ថែមថា កម្ពុជាបានបើកចំហរជើងមេឃតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ហើយនៅឆ្នាំ២០២៥ កម្ពុជាបានរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តជាច្រើន ដើម្បីគាំទ្រដល់គោលនយោបាយបើកចំហរជើងមេឃនេះ រួមមានគោលនយោបាយស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាស គោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍អាកាសចរណ៍ស៊ីវិល។

លោកបានបញ្ជាក់ថា នៅក្នុងផែនការអភិវឌ្ឍន៍កន្លងមក កម្ពុជាមានមហិច្ឆិតាទាក់ទាញអ្នកដំណើរឱ្យបាន ៨លាននាក់នៅឆ្នាំ២០២៧ ប៉ុន្តែដោយសារកត្តាប្រឈមខាងក្រៅ រួមមានវិបត្តិសកល វិបត្តិនៅតំបន់មជ្ឈិមបូព៌ា ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងការរំខានដល់ជើងហោះហើរនៅតំបន់មជ្ឈិមបូព៌ា បានជះឥទ្ធិពលដល់ការធ្វើដំណើរតាមផ្លូវអាកាស និងធ្វើឱ្យកំណើនអ្នកដំណើរមិនសម្រេចបានតាមគោលដៅដែលបានគ្រោងទុក។

លោកបានបន្ថែមថា ប្រសិនបើចង់សម្រេចបានគោលដៅអ្នកដំណើរ៨លាននាក់ កម្ពុជានៅត្រូវការកំណើនយ៉ាងហោចណាស់ ៣០% បន្ថែមទៀត។ ជាក់ស្តែងបើប្រៀបធៀបទិន្នន័យរយៈពេល ១០ខែដំបូង នៃឆ្នាំ២០២៦ ជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានការថយចុះជាង ១០% ផ្ទុយទៅវិញការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនឡើងជាង១៤%។

លោកបានបញ្ជាក់ថា កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់ (MOU) ជាមួយប្រទេសនានា ទូទាំងពិភពលោកចំនួន ៤៨ប្រទេស ក្នុងនោះមានប្រមាណ ១១ប្រទេសស្ថិត ក្នុងប្រព័ន្ធហ្វ្រង់កូហ្វូនី។ ទោះជាយ៉ាងណា ការមានកិច្ចព្រមព្រៀង ឬអនុស្សរណៈយោគយល់ មិនមានន័យថា ក្រុមហ៊ុនអាកាសចរណ៍ នឹងបើកជើងហោះហើរត្រង់ជាបន្ទាន់នោះទេ ព្រោះការសម្រេចចិត្តបើកជើងហោះហើរត្រូវផ្អែកលើតម្រូវការទីផ្សារ ចំនួនអ្នកដំណើរ និងលទ្ធភាពប្រតិបត្តិការ របស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ។

លោកបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានជើងហោះហើរត្រង់ ពីបណ្តាប្រទេសហ្វ្រង់កូហ្វូនីមកកាន់កម្ពុជានៅឡើយទេ ប៉ុន្តែអ្នកដំណើរអាចធ្វើដំណើរមកកម្ពុជា តាមរយៈមជ្ឈមណ្ឌលតភ្ជាប់ជើងហោះហើរ (Airport Hub) នៅតំបន់មជ្ឈិមបូព៌ា។

លោកក៏បានលើកឡើងពីផែនការនៅឆ្នាំ២០២៨ ក្នុងការជំរុញបរិមាណអ្នកដំណើរពីបណ្តាប្រទេសទាំង ១១នោះមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើងផងដែរ៕

សូមស្តាប់ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា៖