FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការនាំចេញអង្ករកម្ពុជាទៅបារាំង រំពឹងកើន១០% ក្រោយមានកម្មវិធីផ្គូផ្គងធុរកិច្ច រវាងអ្នកធុរកិច្ចកម្ពុជា-បារាំង (Video inside)

19-11-2026 16:54

(ភ្នំពេញ)៖ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសបារាំង ត្រូវបាន​រំពឹងថានឹងកើនឡើងប្រមាណពី៥%ទៅ ១០% បន្ថែមទៀត បន្ទាប់ពីមានការផ្គូផ្គងធុរកិច្ចប្រកបដោយជោគជ័យរវាងអ្នកធុរកិច្ចកម្ពុជា និងបារាំង ក្នុងកិច្ចប្រ​ជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ឆ្នាំ២០២៦ និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលបានបញ្ចប់នាពេលថ្មីៗនេះ ដែលកម្មវិធីនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងភាពជាដៃគូរវាងប្រទេសទាំងពីរ។

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួរ បានសម្តែងការរំភើបយ៉ាងខ្លាំងចំពោះលទ្ធផលនៃកម្មវិធីនេះ ដោយបានគូសបញ្ជាក់ថា វាជាវេទិកាមួយដ៏ល្អសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានការចូលរួមពីជាង ៩០ប្រទេស ដោយក្នុងព្រឹត្តិការណ៍នេះ មានការផ្គូផ្គងពាណិជ្ជកម្ម និងការចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាច្រើនរវាងកម្ពុជា និងបារាំង ដែលជាសញ្ញាវិជ្ជមានសម្រាប់ការពង្រីកទីផ្សារនាំចេញ។

លោកបានឱ្យដឹងថា បារាំងត្រូវបានគេចាត់ទុកថាជាទីផ្សារដ៏ធំមួយសម្រាប់អង្ករកម្ពុជា ជាពិសេសអង្ករផ្ការំដួល នៅក្នុងសហគមន៍អឺរ៉ុប។ បច្ចុប្បន្ន ការនាំចេញអង្ករទៅបារាំងមានប្រមាណ ៣០% នៃបរិមាណសរុបដែលកម្ពុជានាំចេញទៅទីផ្សារអឺរ៉ុបទាំងមូល ឬប្រហែល ១០ម៉ឺនតោនក្នុងមួយឆ្នាំ។ ប្រភេទអង្ករដែលពេញនិយមបំផុតនៅបារាំងគឺអង្ករផ្ការំដួល (Jasmine Rice) និងអង្ករសែនក្រអូប។ ​សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថានឹងបន្តបង្កើនការនាំចេញទៅកាន់ប្រទេសបារាំងពី ៥ ទៅ ១០% បន្ថែមទៀតក្នុងមួយឆ្នាំៗ។

លោកស្រី ហោ សុគន្ធា ​ម្ចាស់អាជីវកម្ម គន្ធាអង្ករធម្មជាតិ បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងចំពោះការធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រ​ជុំកំពូលហ្វ្រង់កូហ្វូនី និងបានគូសបញ្ជាក់ថា អង្ករកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ និងចាប់អារម្មណ៍យ៉ាងខ្លាំង។ លោកស្រីបន្តថា ការដាក់តាំងបង្ហាញផលិតផលអង្ករកម្ពុជាក្នុងវេទិកានេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមជាតិ និងអន្តរជាតិ។

តាមរយៈព្រឹត្តិការណ៍នេះ ​ជឿជាក់ថា នឹងមានដៃគូពាណិជ្ជកម្មជាច្រើនទៀតចាប់អារម្មណ៍លើផលិតផលក្នុងស្រុករបស់កម្ពុជា ដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីកទីផ្សារនាំចេញអង្ករកម្ពុជាទៅកាន់ពិភពលោក។

គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងរហូតដល់ ១,០១៤,៤៤២តោន។

​​ដោយឡែកគិតត្រឹម៩ខែឆ្នាំ២០២៦ ការនាំចេញអង្ករពីកម្ពុជា ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប​ចំនួន ២៤៨ ២៧៧ តោន គិតជាទឹកប្រាក់ចំនួន ១៩២.០៤ លានដុល្លារសហរដ្ឋអាមេរិក