FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិនៃកម្ពុជា ជំរុញឱ្យទប់ស្កាត់ការផ្ដល់កម្ចីខុសច្បាប់ និងពង្រឹងយន្តការដោះស្រាយបណ្ដឹង

19-11-2026 15:08

(ស្ទឹងត្រែង)៖ ធនាគារជាតិនៃកម្ពុជា បានបន្តជំរុញកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនៅខេត្តស្ទឹងត្រែង តាមរយៈការចូលរួមបញ្ចេញមតិ ការផ្លាស់ប្ដូរទស្សនៈ ការស្វែងយល់ពីបញ្ហាប្រឈម និងការរួមគ្នាស្វែងរកដំណោះស្រាយ លើការទប់ស្កាត់ការផ្ដល់កម្ចីខុសច្បាប់ និងពង្រឹងយន្តការដោះស្រាយបណ្ដឹង។

លោក ម៉ែន ភក្ដី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងក្នុងសិក្ខាសាលាស្តីពី «ការបង្ការទប់ស្កាត់ការផ្ដល់កម្ចីខុសច្បាប់ និងយន្តការដោះស្រាយបណ្ដឹង» នៅខេត្តស្ទឹងត្រែង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា ក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ វិស័យធនាគារ និងហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកបានបន្តថា ទន្ទឹមនេះ ការពង្រីកលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយការទទួលខុសត្រូវ គឺជាកត្តាចាំបាច់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងសុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ។

លោកបន្តថា ទន្ទឹមនឹងការរីកចម្រើននៃវិស័យធនាគារ និងហិរញ្ញវត្ថុ ការផ្ដល់កម្ចីខុសច្បាប់នៅតែជាបញ្ហាប្រឈមមួយ។ សកម្មភាពផ្ដល់កម្ចីខុសច្បាប់បង្កឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ រវាងអ្នកផ្ដល់កម្ចីខុសច្បាប់ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា។ សកម្មភាពផ្ដល់កម្ចីខុសច្បាប់ទាំងនេះ កំពុងបង្កជាបញ្ហាប្រឈមនៅតាមមូលដ្ឋានភូមិ-ឃុំ និងបង្កឱ្យមានផលប៉ះពាល់ជាច្រើនដូចជា ការដាក់បន្ទុកហិរញ្ញវត្ថុហួសសមត្ថភាពសងរបស់អ្នកខ្ចី ការប្រើប្រាស់វិធីសាស្ត្រទារបំណុលមិនសមស្រប ការបង្កភាពភ័យខ្លាច និងជម្លោះក្នុងសហគមន៍ ព្រមទាំងការប៉ះពាល់ដល់ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងនៅទីប្រជុំជន និងតាមតំបន់ជនបទ។

លោកបានបញ្ជាក់ថា លើសពីនេះ សកម្មភាពទាំងនេះក៏អាចបង្កផលប៉ះពាល់ជាប្រព័ន្ធដល់សុវត្ថិភាពហិរញ្ញវត្ថុ និងទំនុកចិត្តរបស់សាធារណជនលើវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ។ ចំណែកយន្តការដោះស្រាយបណ្ដឹង ក្នុងក្របខ័ណ្ឌកិច្ចការពារអតិថិជន ធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងយន្តការទទួល និងដោះស្រាយបណ្ដឹងរបស់អតិថិជនក្នុងវិស័យធនាគារ ដើម្បីផ្ដល់លទ្ធភាពឱ្យអតិថិជនអាចស្វែងរកដំណោះស្រាយប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមិនគិតកម្រៃ។

លោក ម៉ែន ភក្ដី បានសង្កត់ធ្ងន់ថា ការរៀបចំសិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញកិច្ចពិភាក្សា និងកិច្ចសហការរវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួមបញ្ចេញមតិ និងផ្លាស់ប្ដូរទស្សនៈ។ នេះគឺជាកត្តាសំខាន់ក្នុងការស្វែងយល់ពីបញ្ហាប្រឈម និងរួមគ្នាស្វែងរកដំណោះស្រាយជាក់ស្ដែងប្រកបដោយការស្ថាបនា។

លោកក៏បានបន្ថែមថា ដូច្នេះវត្តមានរបស់អាជ្ញាធរមូលដ្ឋាន ស្ថាប័នអនុវត្តច្បាប់ តំណាងវិស័យធនាគារ និងហិរញ្ញវត្ថុ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ដែលបានចូលរួម បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ការបង្ការទប់ស្កាត់កម្ចីខុសច្បាប់ និងកិច្ចការពារអតិថិជន គឺជាការទទួលខុសត្រូវរួម ដែលទាមទារឱ្យមានការចូលរួម និងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។

សូមបញ្ជាក់ថា សិក្ខាសាលានេះបានសង្កត់ធ្ងន់លើតួនាទីរបស់ភាគីពាក់ព័ន្ធ រួមមាន ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងតុលាការ ក្នុងការចូលរួមទប់ស្កាត់កម្ចីខុសច្បាប់ និងពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋអំពីសិទ្ធិ និងយន្តការស្វែងរកជំនួយផ្លូវច្បាប់។ ការដោះស្រាយបញ្ហានេះទាមទារវិធីសាស្ត្រជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាសុវត្ថិភាពហិរញ្ញវត្ថុ និងទំនុកចិត្តសាធារណជន។