ចំនួនអ្នកដំណើរតាមផ្លូវអាកាសកម្ពុជា ថយចុះ១១% ក្នុងរយៈពេល១០ ខែឆ្នាំ២០២៦
19-11-2026 14:28
(ភ្នំពេញ)៖ កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសសរុបជាង ៥លាននាក់ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៦ ពោលគឺចាប់ពីខែមករា ដល់ខែតុលា។
ទោះជាយ៉ាងណាក៏ដោយ ចំនួននេះបានបង្ហាញពីការថយចុះប្រមាណ ១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើយោងតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
លោក ស៊ីន ចាន់សិរីវត្ថា បានបន្ថែមថា ក្នុងរយៈពេលដូចគ្នានេះ ជើងហោះហើរចេញ-ចូល (ទ្វេទិស) នៅអាកាសយានដ្ឋានអន្តរជាតិទាំងបី រួមមានអាកាសយានដ្ឋានអន្តរជាតិតេជោ សៀមរាបអង្គរ និងព្រះសីហនុ មានចំនួន ៥១,៨៦៥ជើង ដែលថយចុះ ២%។ ផ្ទុយទៅវិញ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនឡើង ១៤% ដល់ ៨៥ ៧៣០តោន ខណៈជើងហោះហើររំលងក៏បានកើនឡើង ៨% ដល់ ៧៧ ៤៣៦ជើង។
គិតត្រឹមខែតុលា ឆ្នាំ២០២៦ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍សរុប ៣៦ក្រុមហ៊ុន (ជាតិ៤ និងអន្តរជាតិ៣២) ដែលកំពុងប្រតិបត្តិការ និងតភ្ជាប់ជើងហោះហើរជាមួយ ១៨ប្រទេស និង ៤៩ទីក្រុង។
ការថយចុះចំនួនអ្នកដំណើរនេះ អាចជាកត្តាដែលទាមទារឲ្យមានការពិនិត្យ និងរៀបចំយុទ្ធសាស្ត្រថ្មីៗ ដើម្បីជំរុញវិស័យទេសចរណ៍ និងអាកាសចរណ៍ឡើងវិញនាពេលអនាគត៕



