កម្ពុជាសម្រេចបានសមិទ្ធផលថ្មី ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយប្រទេសជាមិត្តចំនួន៣ ត្រឹមតែរយៈពេល៣ខែចុងក្រោយ
18-11-2026 15:04
(ភ្នំពេញ)៖ ក្នុងរយៈពេលបីខែចុងក្រោយនេះ កម្ពុជាបានបោះជំហានទៅមុខយ៉ាងសំខាន់ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ចំនួនបីបន្តបន្ទាប់គ្នា ជាមួយប្រទេសមីយ៉ាន់ម៉ា អាស៊ែបៃហ្សង់ និងបារាំង។
ការចុះកិច្ចព្រមព្រៀង DTA រវាងកម្ពុជា និងមីយ៉ាន់ម៉ា ធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។ ការចុះកិច្ចព្រមព្រៀង DTA រវាងកម្ពុជា និងអាស៊ែបៃហ្សង់ ធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ និងកិច្ចព្រមព្រៀង DTA រវាងកម្ពុជា និងបារាំង ធ្វើងឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ទាំងនេះជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយភាពស្វាហាប់ និងវាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្របតាមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
តាមរយៈកិច្ចព្រមព្រៀង DTA ទាំងនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពន្ធដារ នឹងត្រូវបានពង្រឹងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ ទៅវិញទៅមកដល់ភាគីហត្ថលេខី។ អត្ថប្រយោជន៍រួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី, ការកំណត់សិទ្ធិនៃការយកពន្ធឱ្យបានច្បាស់លាស់, កំណើនមូលដ្ឋានគិតពន្ធ តាមរយៈការទាក់ទាញវិនិយោគដោយផ្ទាល់, រំហូរមូលធន, ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេស។
លើសពីនេះ កិច្ចព្រមព្រៀងនេះក៏ការពារនិវាសនជន ពីប្រព្រឹត្តិកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធ និងការពារចំណូលពន្ធក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការគេចវេះពន្ធរវាងប្រទេសទាំងពីរផងដែរ។
សមិទ្ធផលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ៕









