ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចុះអនុស្សរណៈលើការជំរុញការវិនិយោគ និងផ្តល់កិច្ចសម្របសម្រួលជូនវិនិយោគិន (Video inside)
17-11-2026 15:34
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយលោក Hubert Bolduc ប្រធានស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ (Investissement Québec International) នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចសន្ទនាធុរកិច្ចរវាងភាគីកម្ពុជា និងគណៈប្រតិភូធុរកិច្ច ដែលជាសមាជិកស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ រួមទាំងការចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលផ្តោតលើកិច្ចសហប្រតិបត្តិការទាក់ទងនឹងការជំរុញការវិនិយោគ និងការផ្តល់កិច្ចសម្របសម្រួលជូនដល់វិនិយោគិន។
សមាសភាពចូលរួមរួមមាន ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាននៃ ក.អ.ក., ថ្នាក់ដឹកនាំគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក., ថ្នាក់ដឹកនាំជាទីប្រឹក្សាអម ក.អ.ក., ថ្នាក់ដឹកនាំខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី, តំណាងក្រសួងពាណិជ្ជកម្ម, និងតំណាងវិស័យឯកជននៅកម្ពុជាមួយចំនួនផងដែរ។
កិច្ចសន្ទនាបានប្រព្រឹត្តទៅដោយរលូនផុលផុស ជាមួយឆន្ទៈរួមគ្នាសំដៅស្វែងរកគំនិតផ្តួចផ្តើមនានា ដែលភាគីទាំងពីរអាចបង្កើតកិច្ចសហប្រតិបត្តិការបាន។ ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា ដោយផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបរិស្ថានវិនិយោគដ៏បើកចំហក្នុងតំបន់អាស៊ាន រួមជាមួយនឹងការលើកទឹកចិត្តផ្នែកពន្ធដ៏សម្បូរបែប។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសកម្ម ជាពិសេសគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងបើកច្រករបៀងសេដ្ឋកិច្ច ភស្តុភារកម្ម ឧស្សាហកម្ម និងទេសចរណ៍ថ្មីដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុន ក្នុងការចូលមកពង្រីកទីផ្សារនៅកម្ពុជា និងទៅកាន់តំបន់អាស៊ាន។
លើសពីនេះ លោកក៏បានជម្រាបជូនភាគីមិត្តអំពីការត្រៀមខ្លួនជាស្រេចរបស់ ក.អ.ក. ក្នុងការផ្តល់ការគាំទ្រពេញទំហឹងតាមរយៈសេវាច្រកចេញ-ចូលតែមួយ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) យន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនជាទៀងទាត់ ព្រមទាំងសេវាថែទាំវិនិយោគជូនវិនិយោគិនប្រកបដោយប្រសិទ្ធភាព។
ជាការឆ្លើយតប លោក Hubert Bolduc បានបង្ហាញពីចំណាប់អារម្មណ៍របស់ធុរជនខេត្តហ្កេបិក ក្នុងការពង្រីកការវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារមកកាន់តំបន់អាស៊ី ជាពិសេសនៅកម្ពុជា លើវិស័យដែលខេត្តហ្កេបិកមានសក្តានុពល និងជំនាញខ្ពស់ រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្ម វិស័យអាកាសចរណ៍ វិស័យថាមពលស្អាត (វារីអគ្គិសនី) វិស័យទេសចរណ៍ និងការរៀបចំពិព័រណ៍ធំៗ។ ទន្ទឹមនឹងនេះ ភាគីហ្កេបិកក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រក្រុមហ៊ុនកម្ពុជា ដែលមានបំណងពង្រីកការវិនិយោគទៅកាន់ទីផ្សារអាមេរិកខាងជើងផងដែរ។
បន្ទាប់ពីការសន្ទនាផ្លាស់ប្តូរទស្សនៈជុំវិញបរិយាកាស និងសក្តានុពលវិនិយោគរវាងគ្នា អង្គពិធីក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក.អ.ក. និងស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ដោយមានលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រួមជាមួយលោកប្រធាន Hubert Bolduc ជាហត្ថលេខី។ អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះនេះ ផ្តោតលើកិច្ចសហប្រតិបត្តិការទាក់ទងនឹងការជំរុញការវិនិយោគ ការផ្តល់កិច្ចសម្របសម្រួលជូនដល់វិនិយោគិន និងការផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ចដែលមានសក្តានុពល រវាងខេត្តហ្កេបិក និងព្រះរាជាណាចក្រកម្ពុជា៕























