FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងពាណិជ្ជកម្ម ត្រៀមរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៩ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ

17-11-2026 08:38

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៩ (The 19th Cambodia Trade Expo - CTExpo) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ពិព័រណ៍នេះមានគោលបំណងបន្តលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងតួនាទីរបស់វិស័យឯកជន ជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៦នេះ គ្រោងរៀបចំស្តង់ពិព័រណ៍ចំនួនជាង ៣០០ស្តង់ ដោយមានការដាក់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលសក្តានុពលរបស់កម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការនាំចេញ ទំនិញនាំចេញ-នាំចូលដែលមានគុណភាពខ្ពស់ និងសេវាកម្មពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់កម្ពុជា និងបណ្ដាប្រទេសនានា។ លើសពីនេះ ក៏មានរៀបចំជាបញ្ជរសេវាសាធារណៈនានារបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការធ្វើធុរកិច្ចផងដែរ។

ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ក៏នឹងមានកម្មវិធីអមជាច្រើន រួមមាន៖ វេទិកាធុរកិច្ច វេទិកាចែករំលែកចំណេះដឹងនិងបទពិសោធន៍ធុរកិច្ច ជំនួបពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការជំរុញការនាំចេញរបស់កម្ពុជា សិក្ខាសាលាកសាងសមត្ថភាពធុរជនលើវិស័យពាណិជ្ជកម្មឌីជីថល កម្មវិធីសម្ពោធដាក់ឱ្យប្រព័ន្ធស្វ័យប្រវត្តកម្មកិច្ចការពិព័រណ៍ ការសម្តែងសិល្បៈ និងការប្រគំតន្ត្រីជាដើម។

ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដែលមានបំណងចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្ម អាចបំពេញបែបបទស្នើសុំចូលរួមតាមរយៈ QR Code ដែលបានផ្តល់ជូន។ ក្រសួងមានជំនឿយ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងទទួលបានការចូលរួមយ៉ាងកុះករ និងជាឱកាសដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរបស់គ្រប់ភាគី៕