FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិនៃកម្ពុជា ចុះចុះអនុស្សរណៈយោគយល់ជាមួយ Visa និង Mastercard ដើម្បីអភិវឌ្ឍមុខងារ KHQR ក្នុងការពង្រីកលទ្ធភាពទូទាត់ឌីជីថល សម្រួលដល់ភ្ញៀវទេសចរ

16-11-2026 17:31

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈយោគយល់ (MoU) ចំនួន២ដាច់ដោយឡែកពីគ្នា ជាមួយក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ Visa និង Mastercard ដើម្បីសហការអភិវឌ្ឍមុខងារ KHQR Connector ក្នុងគោលបំណងពង្រីកលទ្ធភាពទូទាត់ឌីជីថល និងសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងអំឡុងពេលរៀបចំវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit Cambodia នៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា «ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិទាំងពីរខាងលើធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ និងជំរុញប្រសិទ្ធភាពនៃការទូទាត់ឌីជីថល តាមរយៈការស្កេន KHQR code នៅក្នុងប្រទេសកម្ពុជា ដោយពង្រីកលទ្ធភាពក្នុងការទទួលការទូទាត់បន្ថែម ជាមួយបណ្ដាញប្រតិបត្តិការ ឬគ្រឹះស្ថានជាដៃគូនៅក្រៅប្រទេសរបស់ក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិទាំងពីរ។

ការណ៍នេះនឹងផ្ដល់លទ្ធភាពឱ្យភ្ញៀវទេសចរបរទេស ឬអ្នកដំណើរដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា អាចប្រើប្រាស់កម្មវិធីធនាគារចល័ត ឬកម្មវិធីទូទាត់ចល័តរបស់ខ្លួន ដែលបានភ្ជាប់ជាមួយបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ VISA និង Mastercard ដោយអាចស្កេន KHQR Code ទូទាត់ជាមួយពាណិជ្ជករនៅទូទាំងប្រទេសកម្ពុជា។

ការអភិវឌ្ឍមុខងារនេះនឹងជួយលើកកម្ពស់បទពិសោធ នៃការទូទាត់ជាឌីជីថលនៅកម្ពុជា និងជំរុញការប្រើប្រាស់មធ្យោបាយទូទាត់អេឡិចត្រូនិកជំនួសឱ្យសាច់ប្រាក់ ដែលផ្ដល់នូវភាពងាយស្រួលរហ័ស និងមានសុវត្ថិភាពខ្ពស់។

កិច្ចសហប្រតិបត្តិការនេះក៏នឹងជួយកាត់បន្ថយភាពស្មុគស្មាញ ក្នុងការទូទាត់សម្រាប់ភ្ញៀវទេសចរបរទេស អ្នកប្រើប្រាស់សេវាទូទាត់អន្តរជាតិ និងជួយសម្រួលដល់ពាណិជ្ជករ ក្នុងការទទួលការទូទាត់ពីភ្ញៀវអន្តរជាតិដែលធ្វើដំណើរមកកាន់កម្ពុជាផងដែរ។

លើសពីនេះ គំនិតផ្តួចផ្តើមនេះនឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការ រវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការជំរុញការធ្វើសមាហរណកម្មប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា និងការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់ឌីជីថល ដែលមានលទ្ធភាពធ្វើអន្តរប្រតិបត្តិការជាមួយ បណ្ដាញប័ណ្ណទូទាត់សងប្រាក់ទាំងក្នុងតំបន់ និងអន្តរជាតិឱ្យកាន់តែទំនើប មានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន៕