បារាំង ជារដ្ឋសមាជិកសហភាពអឺរ៉ុបទី១ ដែលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ ការយកពន្ធត្រួតគ្នា
16-11-2026 17:25
(ភ្នំពេញ)៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ (Double Taxation Agreement-DTA) ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦
ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងលោក អូលីវីយេ រីស្នា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា សាធារណរដ្ឋបារាំង គឺជារដ្ឋសមាជិកសហភាពអឺរ៉ុបទី១ ដែលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង DTA ជាមួយ ហើយកិច្ចព្រមព្រៀង DTA កម្ពុជា-បារាំងនេះ ក៏ជាកិច្ចព្រមព្រៀង DTA ទី១៦ ដែលកម្ពុជាបានចុះហត្ថលេខាជាមួយយុត្តាធិការដៃគូ។
តាមរយៈកិច្ចព្រមព្រៀងនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពន្ធដារកម្ពុជា-បារាំង នឹងត្រូវបានពង្រឹងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលនឹងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។
ជារួម កិច្ចព្រមព្រៀង DTA ផ្តល់អត្ថប្រយោជន៍ ដល់ភាគីហត្ថលេខីលើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី, ធ្វើឱ្យប្រាកដប្រជាក្នុងការកំណត់សិទ្ធិនៃការយកពន្ធ, កំណើន មូលដ្ឋានគិតពន្ធតាមរយៈការទាក់ទាញវិនិយោគដោយផ្ទាល់, រំហូរមូលធន, ការផ្ទេរបច្ចេកវិទ្យានិងជំនាញពីបរទេស, ការការពារ និវាសនជនពីប្រព្រឹត្តិកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធ, និងការការពារចំណូលពន្ធក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការប្រយុទ្ធ ប្រឆាំងនឹងការគេចវេះពន្ធរវាងប្រទេសទាំងពីរ។
គួររលឹកផងដែរថា សម្រាប់ឆមាសទី២ នៃឆ្នាំ២០២៦ នេះ កម្ពុជាបានសម្រេចលើការចុះហត្ថលេខាកិច្ចព្រមព្រៀង DTA ជាមួយដៃគូចំនួន ៣ គឺ មីយ៉ាន់ម៉ា អាស៊ែបៃហ្សង់ និងបារាំង។
ការចុះហត្ថលេខាឱ្យមានកិច្ចព្រមព្រៀង DTA កម្ពុជា-បារាំង គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាល នីតិកាលទីប្រាំពីរនៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបានស្របតាមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន។
ទន្ទឹមនឹងនេះដែរ ព្រះរាជាណាចក្រកម្ពុជា ក៏កំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងនេះ ជាមួយបណ្តាប្រទេសដៃគូ មួយចំនួនទៀតដូចជា ជប៉ុន ម៉ារ៉ុក អេមីរ៉ាតអារ៉ាប់រួម កាតា និងកៀហ្ស៊ីស៊ីស្ថាន ជាដើម៕






