កម្ពុជាត្រូវការពង្រឹងផលិតកម្មបន្ថែម ដើម្បីជំរុញការធ្វើពាណិជ្ជកម្មជាមួយប្រទេសហ្វ្រង់កូហ្វូនី (Video inside)
13-11-2026 12:58
(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាស PPM-Confirel បានលើកឡើងថា កម្ពុជាត្រូវការពង្រឹងផលិតកម្មបន្ថែម ដើម្បីជំរុញការធ្វើពាណិជ្ជកម្មជាមួយប្រទេសហ្វ្រង់កូហ្វូនី។
ការលើកឡើងរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ «ឱកាសអាជីវកម្មពីកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនីនៅកម្ពុជា»។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានថ្លែងឱ្យដឹងថា កម្ពុជានៅមានសមត្ថភាពផលិតក្នុងបរិមាណតិចតួច ដែលធ្វើឱ្យយើងពិបាកប្រកួតប្រជែងជាមួយប្រទេសដទៃ លើកលែងតែផលិតផលដែលមានលក្ខណៈពិសេស និងមានអត្តសញ្ញាណផ្ទាល់ខ្លួន ដែលប្រទេសដទៃមិនមានដូចជា ម្រេចកំពត និងស្ករត្នោតជាដើម។ ផលិតផលទាំងនេះ ជាផលិតផលពិសេសរបស់កម្ពុជា ប៉ុន្តែសម្រាប់ផលិតផលទូទៅ យើងនៅមានការលំបាកក្នុងការប្រកួតប្រជែង។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានបន្តថា ដូច្នេះយើងត្រូវពិនិត្យមើលឱ្យបានច្បាស់ថា តើយើងកំពុងជួបប្រទះបញ្ហាអ្វី និងមានចំណុចខ្វះខាតត្រង់ណា។ ទាំងអ្នកផលិត អ្នកធ្វើធុរកិច្ច និងរាជរដ្ឋាភិបាល ត្រូវរួមគ្នាស្វែងរកដំណោះស្រាយ និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញកំណើនវិស័យផលិតកម្មឱ្យមានទម្ងន់សេដ្ឋកិច្ច ប្រហាក់ប្រហែលនឹងវិស័យសេវាកម្ម។
ឧកញ៉ាឱសថបណ្ឌិតបញ្ជាក់ថា ដោយសារឥទ្ធិពលនៃសង្គ្រាម និងបញ្ហាប្រឈមផ្សេងៗក្នុងអតីតកាល សមត្ថភាពផលិតកម្មដែលកម្ពុជា ធ្លាប់មានតាំងពីសម័យមុន រហូតមកដល់បច្ចុប្បន្ននៅសល់តិចតួចប៉ុណ្ណោះ ដូច្នេះនៅពេលមានតម្រូវការទីផ្សារ យើងភាគច្រើនពឹងផ្អែកលើការនាំចូលផលិតផលពីបរទេស មកចែកចាយក្នុងស្រុក។ នេះជាមូលហេតុដែលធ្វើឱ្យវិស័យផលិតកម្មរបស់យើង នៅមានចំណុចខ្វះខាតច្រើន ខណៈដែលវិស័យសេវាកម្មមានភាពងាយស្រួលជាង ដោយសារអាចទិញមកលក់បន្តបាន៕
សូមស្តាប់ការលើកឡើងរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖





