ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ជំរុញបង្កើតសភាពាណិជ្ជកម្មបារាំង-កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច (Video inside)
13-11-2026 12:56
(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាស PPM-Confirel បានជំរុញបង្កើតសភាពាណិជ្ជកម្មបារាំង-កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងបង្កើនឱកាសនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសដែលប្រើប្រាស់ភាសាបារាំង។
ការលើកឡើងរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ «ឱកាសអាជីវកម្មពីកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនីនៅកម្ពុជា»។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានថ្លែងឱ្យដឹងថា កម្ពុជាគួរពិនិត្យមើលឱកាសសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី តាមរយៈការជំរុញការនាំចេញផលិតផលក្នុងស្រុក ទៅកាន់ទីផ្សារប្រទេសសមាជិក និងការទាក់ទាញអ្នកវិនិយោគពីប្រទេសទាំងនោះ មកបណ្ដាក់ទុននៅកម្ពុជា ដើម្បីផលិត និងនាំចេញទៅកាន់ទីផ្សារប្រទេសទីបី។
លោកបានបញ្ជាក់ថា ដើម្បីចាប់យកឱកាសទាំងនេះ កម្ពុជាចាំបាច់ត្រូវសិក្សាឱ្យបានច្បាស់ពីតម្រូវការរបស់ទីផ្សារគោលដៅ និងសមត្ថភាពផលិតរបស់ខ្លួន ពោលគឺត្រូវដឹងថា តើប្រទេសទាំងនោះត្រូវការផលិតផលអ្វី ហើយកម្ពុជាមានផលិតផលអ្វីដែលអាចឆ្លើយតបនឹងតម្រូវការទាំងនោះ។
ជាក់ស្ដែង នៅប្រទេសបារាំង ប្រជាជនមានផលិតផលម្ហូបអាហារដែលស្គាល់ និងប្រើប្រាស់ជាទូទៅ ប៉ុន្តែពួកគេក៏មានចំណាប់អារម្មណ៍ចង់ស្គាល់រសជាតិថ្មីៗផងដែរ។ ដូច្នេះកម្ពុជាអាចផ្សព្វផ្សាយផលិតផលប្រពៃណីរបស់ខ្លួនដូចជា ប្រហុក និងស្ករត្នោត ដើម្បីឱ្យអ្នកប្រើប្រាស់នៅទីផ្សារបរទេសបានស្គាល់ និងសាកល្បង។
លោកបានបន្តថា កម្ពុជាគួរច្នៃប្រឌិត និងកែច្នៃផលិតផលក្នុងស្រុកឱ្យស្របតាមតម្រូវការទីផ្សារ ដោយយកផលិតផលដែលខ្លួនមានទៅផ្សំជាមួយគំនិតថ្មីៗ ដើម្បីបង្កើតផលិតផលដែលមានលក្ខណៈពិសេស និងមានភាពទាក់ទាញ។ ការធ្វើបែបនេះមិនត្រឹមតែជួយបង្កើនឱកាសពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងវប្បធម៌នៃប្រទេសនានាក្នុងសហគមន៍ហ្វ្រង់កូហ្វូនីផងដែរ៕
សូមស្តាប់ការលើកឡើងរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖





