FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការវិនិយោគកម្ពុជា ជំរុញឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បន្តខិតខំអភិវឌ្ឍន៍ឈានទៅដល់ការនាំចេញ

12-11-2026 14:35

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដឹកនាំដោយលោក ស្រ៊ុន ពៅ ប្រធានសមាគម។

បន្ទាប់ពីមតិស្វាគមន៍របស់លោកអគ្គលេខាធិការ លោក ស្រ៊ុន ពៅ ប្រធានសមាគម បានជម្រាបជូនអំពីសាវតារ នៃការបង្កើតសមាគម ព្រមទាំងបានចែករំលែកអំពីវឌ្ឍនភាព និងសក្តានុពលនៃវិស័យចិញ្ចឹមសត្វ ដែលជាផ្នែកដ៏សំខាន់មួយនៃវិស័យកសិកម្ម និងមានតួនាទីចូលរួមចំណែក ក្នុងការបង្កើនផលិតកម្មក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូល ជូនប្រជាកសិករ និងធានាសន្តិសុខស្បៀង។

ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព។

លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ របស់សមាគមនាពេលកន្លងមក និងបានថ្លែងអំណរគុណដល់សមាគម ដែលបានចែករំលែកព័ត៌មានអំពីស្ថានភាព នៃវិស័យចិញ្ចឹមសត្វនៅកម្ពុជានាពេលបច្ចុប្បន្ន។

លោកអគ្គលេខាធិការបានជំរុញ និងលើកទឹកចិត្តឱ្យសមាគមបន្តខិតខំអភិវឌ្ឍវិស័យនេះ មិនត្រឹមតែដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវជំរុញការកែច្នៃផលិតផល ដើម្បីឈានទៅដល់ការនាំចេញផងដែរ។

ជាមួយគ្នានេះ សមាគមត្រូវយកចិត្តទុកដាក់លើលទ្ធភាពនៃការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក សំដៅបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

បន្ថែមលើនេះ លោកអគ្គលេខាធិការ បានគូសបញ្ជាក់អំពីតួនាទីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងការសម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វនៅកម្ពុជា៕