FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បន្ទាប់ពីជោគជ័យ លើការដឹកគ្រាប់ស្វាយចន្ទីកម្ពុជាទៅចិន, ក្រុមហ៊ុនរបស់កម្ពុជា ចាប់ដៃជាមួយចិន បង្កើតបណ្តាញផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជាឱ្យកាន់តែធំ នៅទីផ្សារចិន និងទីផ្សារពិភពលោក

11-11-2026 18:00

(សៀងហៃ)៖ ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) នៅទីក្រុងសៀងហៃ ដែលទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្រុមហ៊ុន KHNUTS PROCESSING CO., LTD. របស់កម្ពុជា និងក្រុមហ៊ុន China National Township Enterprises Co., Ltd របស់ចិន បានចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រស៊ីជម្រៅដោយជោគជ័យ។

កិច្ចសហប្រតិបត្តិការឆ្លងដែនរវាងកម្ពុជា និងចិនមួយនេះ គឺជាការលើកកម្ពស់បន្ថែមទៀត លើសមិទ្ធផលផ្លែផ្កានៃការអនុវត្តជាក់ស្តែងនាពេលកន្លងមក ក្នុងការពន្លឿនបើកច្រកចេញចូលសម្រាប់ឧស្សាហកម្មគ្រាប់ស្វាយចន្ទីក្នុងស្រុករបស់កម្ពុជា ទៅកាន់ទីផ្សារដ៏ធំសម្បើមរបស់ប្រទេសចិនផងដែរ។

ក្រុមហ៊ុន KHNUTS កម្ពុជា គឺជាសហគ្រាសគ្រាប់ស្វាយចន្ទីរួមបញ្ចូលគ្នានៃខ្សែច្រវាក់ឧស្សាហកម្មទាំងមូល ដោយប្រតិបត្តិការគ្របដណ្តប់លើការដាំដុះ ការទិញប្រមូលវត្ថុធាតុដើម ការកែច្នៃស៊ីជម្រៅ ការវេចខ្ចប់ ការលក់ និងការនាំចេញ។

ក្រុមហ៊ុនបំពាក់ដោយរោងចក្រកែច្នៃទំនើប ប្រើប្រាស់បច្ចេកវិទ្យាផលិតកម្មជឿនលឿន និងបានបង្កើតប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដារ ដែលអាចផ្គត់ផ្គង់ប្រកបដោយស្ថិរភាព នូវផលិតផលជាច្រើនប្រភេទ ដូចជា គ្រាប់ស្វាយចន្ទីស គ្រាប់ស្វាយចន្ទីជាប់សំបកស្ដើង និងគ្រាប់ស្វាយចន្ទីលីងជាដើម។ ផ្អែកលើឧត្តមភាពនៃធនធានគ្រាប់ស្វាយចន្ទីដ៏ប្រពៃរបស់កម្ពុជា ផលិតផលរបស់ KHNUTS ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដោយប្តេជ្ញានាំយកគ្រាប់ស្វាយចន្ទីគុណភាពខ្ពស់របស់កម្ពុជា ទៅកាន់ទីផ្សារចិន និងទីផ្សារពិភពលោក។

ម្យ៉ាងវិញទៀត ក្រុមហ៊ុន China National Township Enterprises Co., Ltd. បានឈរជើងយ៉ាងរឹងមាំក្នុងវិស័យពាណិជ្ជកម្មកសិកម្មអន្តរជាតិ អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៨៣ ដោយមានបណ្តាញអាជីវកម្មគ្របដណ្តប់លើសពី ៨០ប្រទេស និងតំបន់នៅទូទាំងទ្វីបទាំងប្រាំមួយ។

ក្នុងនាមជាមជ្ឈមណ្ឌលទីផ្សារម៉ាកយីហោរបស់ក្រុមហ៊ុន China National Agricultural Development Group ក្រុមហ៊ុនប្រកាន់ខ្ជាប់នូវមុខងារស្នូលចំនួនបីគឺ៖ ការផ្សព្វផ្សាយម៉ាកយីហោ ការដេញថ្លៃ និងលទ្ធកម្មតាមប្រព័ន្ធឌីជីថល និងការធានាការផ្គត់ផ្គង់បែបប្រមូលផ្តុំ។ ក្រុមហ៊ុនផ្តោតសំខាន់លើអាជីវកម្មទីផ្សារម្សៅទឹកដោះគោទារក និងកុមារ ពាណិជ្ជកម្មកសិផលនិងចំណីអាហារពិសេសអន្តរជាតិ ការផ្គត់ផ្គង់កសិផលអាហារបែបថែទាំសុខភាព ព្រមទាំងការដេញថ្លៃ និងលទ្ធកម្មកណ្តាល។

តាមរយៈការផ្អែកលើវេទិកាឌីជីថលផ្ទាល់ខ្លួន Zhongnong Xiangmai.com ក្រុមហ៊ុនបានច្នៃប្រឌិតគំរូពាណិជ្ជកម្ម និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគុណភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្កើតនូវច្រកផ្គត់ផ្គង់កសិកម្ម ការចិញ្ចឹមសត្វ ជលផល និងចំណីអាហារកម្រិតខ្ពស់ ប្រកបដោយទំនុកចិត្តខ្ពស់។

កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ មានគ្រឹះយ៉ាងរឹងមាំតាំងពីយូរណាស់មកហើយ។

កាលពីថ្ងៃទី ១៤ ខែកក្កដាឆ្នាំនេះ តាមរយៈការសហការគ្នាយ៉ាងជិតស្និទ្ធ ភាគីទាំងពីរបានបញ្ចប់ដោយជោគជ័យនូវការដឹកជញ្ជូន និងឆ្លងកាត់នីតិវិធីគយនាំចូលដោយផ្ទាល់នូវ «គ្រាប់ស្វាយចន្ទីកែច្នៃក្នុងស្រុកកម្ពុជា»» ជាជើងដំបូងបង្អស់ តាមច្រកកំពង់ផែ Qinzhou ដោយបានបើកច្រកខ្សែច្រវាក់ផ្ទាល់ រោងចក្រកែច្នៃនៅកម្ពុជា មកកំពង់ផែ Qinzhou នឹងទៅក្នុងទីផ្សារចិន។

ព្រឹត្តិការណ៍នេះ បានបន្សល់ទុកនូវបទពិសោធន៍សហការគ្នាយ៉ាងសម្បូរបែប លើវិស័យដឹកជញ្ជូនឆ្លងដែន នីតិវិធីគយនៅច្រកទ្វារ និងការពិនិត្យកសិផល ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់ពីលទ្ធភាពអាចធ្វើទៅបាន និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីមួយនេះ។

ការចុះហត្ថលេខានៅក្នុងព្រឹត្តិការណ៍ CIIE លើកនេះ គឺផ្អែកលើមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងមក
ដោយបានលើកកម្ពស់កិច្ចសហប្រតិបត្តិការសាកល្បងលើផ្នែកភស្តុភារ និងនីតិវិធីគយ ឱ្យទៅជាកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រផ្នែកឧស្សាហកម្មប្រកបដោយស្ថិរភាព និងរយៈពេលវែង។

នាពេលអនាគត ក្រុមហ៊ុន KHNUTS នឹងឈរជើងលើប្រភពដើមក្នុងស្រុកកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃគុណភាពខ្ពស់ប្រកបដោយស្ថិរភាព ព្រមទាំងគ្រប់គ្រងលើការផលិត និងគុណភាពចាប់ពីប្រភពដើមផ្ទាល់។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន China National Township Enterprises Co., Ltd. នឹងផ្អែកលើបណ្តាញពាណិជ្ជកម្មកសិផល និងចំណីអាហារអន្តរជាតិដ៏រឹងមាំ ធនធានទីផ្សារក្នុងស្រុកចិន និងសមត្ថភាពខ្សែសង្វាក់ផ្គត់ផ្គង់ឌីជីថល ដើម្បីជួយជ្រោមជ្រែងគ្រាប់ស្វាយចន្ទីកម្ពុជាឱ្យចូលទៅកាន់ទីផ្សារអ្នកប្រើប្រាស់ចិនបានយ៉ាងរលូន ប្រកបដោយចីរភាព និងក្នុងទ្រង់ទ្រាយធំ។
ភាគីទាំងពីរនឹងបន្តធ្វើឱ្យប្រសើរឡើងនូវដំណាក់កាលសំខាន់ៗ ដូចជា ភស្តុភារឆ្លងដែន និងការភ្ជាប់នីតិវិធីគយ ព្រមទាំងបន្តធ្វើឱ្យផលិតផលគ្រាប់ស្វាយចន្ទីកាន់តែសម្បូរបែប និងពង្រីកបណ្តាញលក់ឱ្យកាន់តែទូលំទូលាយ។

ក្នុងស្មារតីសម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ កិច្ចសហប្រតិបត្តិការនេះនឹងជួយលើកកម្ពស់គុណភាព និងការធ្វើទំនើបកម្មឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងស្រុករបស់កម្ពុជា ព្រមទាំងជំរុញការអភិវឌ្ឍវិស័យកសិកម្មក្នុងតំបន់។ ទន្ទឹមនឹងនេះ ក៏នឹងនាំយកនូវគ្រាប់ស្វាយចន្ទីកម្ពុជាគុណភាពខ្ពស់ ផ្គត់ផ្គង់ផ្ទាល់ពីប្រភពដើម ស្រស់ថ្មី និងអាចស្វែងរកប្រភពដើមបាន ជូនដល់អ្នកប្រើប្រាស់ក្នុងស្រុកចិនផងដែរ។

តាមរយៈការយកពាណិជ្ជកម្មកសិផលជាចំណងទាក់ទង ភាគីទាំងពីរនឹងបន្តពង្រឹងការផ្លាស់ប្តូរ ព្រមទាំងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យកសិកម្ម និងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងចិន ឱ្យកាន់តែស៊ីជម្រៅជាបន្តបន្ទាប់៕