FASMEC គ្រោងបង្កើតគណៈកម្មការពិសេស ដើម្បីនាំចូលវត្ថុធាតុដើមតម្លៃទាប សម្រាប់ផ្គត់ផ្គង់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក​(Video inside)

11-11-2026 10:25

(ភ្នំពេញ)៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម​កម្ពុជា (FASMEC) បានប្រកាសពីគម្រោងបង្កើតគណៈកម្មការមួយ ដើម្បីសម្របសម្រួល និងនាំចូលវត្ថុធាតុដើមចាំបាច់ពីក្រៅប្រទេស មកលក់ជូនសហគ្រាសធុនតូច និងមធ្យម (SME) ក្នុងស្រុកដោយតម្លៃទាប។

​ថ្លែងក្នុងវេទិកាសារព័ត៌មាន ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ​នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦​នេះ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC បានគូសបញ្ជាក់ថា គណៈកម្មការនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលទិញវត្ថុធាតុដើមក្នុងបរិមាណច្រើនពីប្រទេសក្រៅ ដើម្បីទទួលបានតម្លៃទាប ដែលជាអត្ថប្រយោជន៍មួយសម្រាប់ជួយកាត់បន្ថយថ្លៃដើមផលិតកម្មរបស់ SME ក្នុងស្រុក។ ​

តាមរយៈគំនិតផ្តួចផ្តើមនេះ FASMEC មានបំណងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលខ្មែរទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងតម្លៃសមរម្យ នឹងជំរុញឲ្យ SME អាចផលិតទំនិញដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែង ដែលជាកត្តាចាំបាច់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យកាន់តែទូលំទូលាយ៕