មេ FASMEC អំពាវនាវឱ្យពលរដ្ឋខ្មែរ មានទំនុកចិត្តលើផលិតផលខ្មែរ និងកុំមានមោទនភាពខ្លាំង លើផលិតផលបរទេស (Video inside)
11-11-2026 10:12
(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យមានទំនុកចិត្តខ្ពស់លើផលិតផលក្នុងស្រុក និងកុំមានមោទនភាពខ្លាំងពេកចំពោះផលិតផលបរទេស។
ការអំពាវនាវនេះធ្វើឡើងក្នុងវេទិកាសារព័ត៌មានក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកឧកញ៉ាបានគូសបញ្ជាក់ថា ចំនួនសហគ្រាសនៅកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ ពី៥៣ ម៉ឺនសហគ្រាសក្នុងឆ្នាំ២០១១ ដល់ ៧៥ ម៉ឺនសហគ្រាសក្នុងឆ្នាំ២០២៣ ដែលរួមបញ្ចូលទាំងវិស័យកសិកម្ម សេវាកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម។ ទោះបីជាមានការលំបាកផ្នែកពេលវេលាក្នុងការអភិវឌ្ឍន៍ក៏ដោយ ក៏អ្នកផលិតខ្មែរនៅតែខិតខំប្រឹងប្រែងផលិតទំនិញ ប្រកបដោយគុណភាព និងស្តង់ដារត្រឹមត្រូវ។
លោកឧកញ៉ា តែ តាំងប៉ បានសង្កត់ធ្ងន់ថា ផលិតផលខ្មែរមិនមានបំណងប្រើប្រាស់សារធាតុគីមី ដើម្បីសម្លាប់ជាតិឯងនោះទេ ហើយគុណភាពក៏មិនអន់ជាងផលិតផលបរទេសដែរ។ បច្ចុប្បន្ន ផលិតផលក្នុងស្រុកបានគ្របដណ្តប់ប្រមាណ ៣០% នៃទីផ្សារសរុប ដែលជាកំណើនលឿនគួរឱ្យកត់សម្គាល់ បើធៀបនឹងពីមុនដែលមានត្រឹម ២-៣% ប៉ុណ្ណោះ។ កំណើននេះក៏ដោយសារអ្នកផលិតខ្មែរជាច្រើន បានងាកមកប្រើប្រាស់ស្លាកសញ្ញាខ្មែរវិញ បន្ទាប់ពីធ្លាប់ប្រើស្លាកសញ្ញាបរទេស។
លោកបានអំពាវនាវដល់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនខ្មែរទាំងអស់ ឱ្យបន្តគាំទ្រ និងជឿជាក់លើផលិតផលខ្មែរ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កិត្តិយសជាតិ៕













