ឧកញ៉ា តែ តាំងប៉៖ ផលិតផលរបស់ SMEs នឹងមិនឡើងថ្លៃឡើយ ទោះបីប្រេងឥន្ធនៈឡើងថ្លៃក៏ដោយ (Video inside)
11-11-2026 10:05
(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានអះអាងថា ផលិតផលដែលផលិតដោយសហគ្រាសធុនតូច និងមធ្យម (SMEs) របស់កម្ពុជានឹងមិនមានការឡើងថ្លៃនោះទេ ទោះបីជាតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារសកលមានការកើនឡើងក៏ដោយ។
ការបញ្ជាក់នេះធ្វើឡើង នៅក្នុងវេទិកាសារព័ត៌មានក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឧកញ៉ា តែ តាំងប៉ បានគូសបញ្ជាក់ថា ការឡើងថ្លៃប្រេងឥន្ធនៈគឺជាបញ្ហាសកល ហើយមិនគួរយកមកធ្វើជាកង្វល់សម្រាប់ផលិតផលខ្មែរនោះទេ។ លោកបានលើកឡើងពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ដែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការកាត់បន្ថយការចំណាយ ដើម្បីទ្រទ្រង់ដល់ស្ថិរភាពតម្លៃប្រេង និងធានាថាមិនប៉ះពាល់ដល់តម្លៃទំនិញក្នុងស្រុក។ ជាក់ស្តែង រដ្ឋាភិបាលបានត្រៀមខាតបង់រហូតដល់ ៥០ លានដុល្លារក្នុងមួយខែ ដើម្បីទប់ទល់នឹងការប្រែប្រួលតម្លៃប្រេង។
លើសពីនេះ លោកបានបន្ថែមថា ផលិតផលខ្មែរជាច្រើនកំពុងតែផ្តល់ជូននូវការលក់ពិសេស និងប្រូម៉ូសិននានា នៅក្នុងពិព័រណ៍ផលិតផលខ្មែរ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» លើកទី៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រផងដែរ។ នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ម្ចាស់សហគ្រាស ក្នុងការរក្សាតម្លៃ និងលើកកម្ពស់ការប្រើប្រាស់ផលិតផលជាតិ។ ដូច្នេះ ប្រជាពលរដ្ឋមិនចាំបាច់ព្រួយបារម្ភអំពីការឡើងថ្លៃផលិតផលខ្មែរនោះទេ ហើយលោកក៏បានអំពាវនាវឲ្យសាធារណជនបន្តគាំទ្រផលិតផលក្នុងស្រុក៕













