ការដោះដូរពាណិជ្ជកម្មកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ៦៣ពាន់លានដុល្លារ កើនជាង២០% នៅរយៈពេល ១០ខែ ឆ្នាំ២០២៦
10-11-2026 15:58
(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ៦៣ពាន់លានដុល្លារ កើនឡើង២០.៩% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥ ដែលមានទំហំប្រមាណជាង ៥២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញ ក្នុងតម្លៃជាង ២៩ ៩៨៩លានដុល្លារ កើនឡើង២០.៤%។ ចំណែកការនាំចូលទំនិញមកវិញមានតម្លៃ ៣៣ ៤៧០លានដុល្លារ កើនឡើង២១.២% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៥។
ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ១៩ ៦៥០លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនជាង ១ ៦៨៥លានដុល្លារ ស្របពេលដែលចិន នាំចូលមកកម្ពុជាវិញ មានតម្លៃជាង ១៧ ៩៦៤លានដុល្លារ។
ចំណែកសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី២ ដោយភាគីទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្មជាង ១៣ ៨២២លានដុល្លារ កើនឡើង២៩.១% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ១៣ ២៧៣លានដុល្លារ និងអាមេរិកនាំមកកម្ពុជាវិញក្នុងតម្លៃជាង ៥៤៩លានដុល្លារ។
តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែល បានបង្ហាញថា ទំហំពាណិជ្ជកម្មដែលកម្ពុជា បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី អង់គ្លេស ជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕
