កូរ៉េខាងត្បូងចាប់ដៃជាមួយសមាគមស្វាយចន្ទីកម្ពុជា ជួយបង្កើនសមត្ថភាពកែច្នៃស្វាយចន្ទី និងត្រៀមបង្កើតរោងចក្រកែច្នៃស្វាយចន្ទី ២០តោនក្នុងថ្ងៃ
09-11-2026 15:43
(ភ្នំពេញ)៖ សមាគមស្វាយចន្ទីកម្ពុជា (CCA) បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយក្រុមហ៊ុន SAMAN Corporation KOREA ដែលជាភ្នាក់ងាររបស់រដ្ឋាភិបាលកូរ៉េ ដើម្បីពង្រឹងសមត្ថភាពកែច្នៃស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃស្វាយចន្ទី ដែលមានសមត្ថភាព ២០ តោនក្នុងមួយថ្ងៃ សម្រាប់នាំចេញ និងជួយដល់សហគមន៍កសិកម្មចំនួន ៣ នៅក្នុងខេត្តកំពង់ធំ។
លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងសំខាន់ក្នុងការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពទាំងផ្នែកផលិតកម្ម និងការកែច្នៃ។ ភាគីកូរ៉េនឹងផ្ដល់ជំនួយបច្ចេកទេស និងថវិកា ដើម្បីពង្រឹងការបណ្ដុះបណ្ដាលទាំងផ្នែកផលិតកម្ម និងការកែច្នៃ។
លោកបន្ថែមថា សមាគមកំពុងរៀបចំកម្មវិធីសិក្សាផ្នែកកែច្នៃ ដោយសហការជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស អង្គការអូស្ត្រាលី និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបានឱ្យដឹងថា គម្រោងសាងសង់រោងចក្រកែច្នៃស្វាយចន្ទីថ្មីនេះ នឹងត្រូវសាងសង់នៅក្នុងខេត្តកំពង់ធំ ហើយនៅថ្ងៃអនាគត អាចនឹងផ្ទេរទៅឱ្យសហគមន៍ ជាអ្នកគ្រប់គ្រងផ្ទាល់។ គំនិតផ្ដួចផ្ដើមនេះនឹងជួយឱ្យសហគមន៍មានសមត្ថភាពកែច្នៃដោយខ្លួនឯង និងអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
លោកបន្ថែមថា «ខ្ញុំគិតថាបើសិនណាយើងមានភ្នាក់ងារជំនួយបច្ចេកទេស ជំនួយទាំងកញ្ចប់ថវិកា ដើម្បីសាងសង់រោងចក្រជួយដល់សហគមន៍ដាច់ៗដោយឡែក អ៊ីចឹងអនាគតទៅសហគមន៍មួយៗ គាត់នឹងមានម៉ាស៊ីនកែច្នៃ ឬក៏រោងចក្រកែច្នៃដោយខ្លួនឯង គាត់អាចមានសមត្ថភាពប្រកួតប្រជែងនៅលើពិភពលោកតែម្ដង»។
សូមជម្រាបថា វិស័យស្វាយចន្ទីរបស់កម្ពុជា កំពុងបន្តបង្ហាញសក្ដានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយការនាំចេញបានកើនឡើងជាលំដាប់ និងបានជ្រៀតចូលទីផ្សារអន្តរជាតិជាបន្តបន្ទាប់ ដោយក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦ ការនាំចេញស្វាយចន្ទីកម្ពុជា បានសម្រេចបរិមាណសរុប ៧២៣ ៨១៤ តោន ទទួលបានទឹកប្រាក់ ១.១៧ពាន់ដុល្លារអាមេរិក កើនឡើង ១២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ដោយឡែកការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃវិញ ក៏មានកំណើនល្អគួរឱ្យកត់សម្គាល់ផងដែរ ដោយក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ ការនាំចេញគ្រាប់កែច្នៃមានបានកើនឡើង៣០% ទទួលបានទឹកប្រាក់ជាង៦០លានដុល្លារ៕





