ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង សម្រេចបានជិត ៥០០លានដុល្លារ កើនជិត១៥% ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ (Video inside)
09-11-2026 14:59
(ភ្នំពេញ)៖ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង សម្រេចបានជិត ៥០០លានដុល្លារអាមេរិក មានការកើនឡើង១៤.៨% បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍គយបានបង្ហាញថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង សម្រេចបានចំនួន ៤៨៨ ៤៣៤ ០០០ដុល្លារ កើនឡើងចំនួន១៤.៨% បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៥ មានចំនួន៤២៥,៦៤៦,០០០ដុល្លារ។
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសបារាំង សម្រេចបាន ៣៨៦ ៤៣៧ ០០០ដុល្លារ កើនចំនួន១៤.៨% ខណៈនាំចូលទំនិញពីប្រទេសបារាំងវិញ មានចំនួន ១០១ ៩៩៧ ០០០ដុល្លារ កើនចំនួន១៤.៥%។
ភាគច្រើនទំនិញដែលកម្ពុជានាំចេញទៅបារាំង គឺផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង អង្ករ និងផលិតផលកសិកម្ម។
នៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ ក៏នឹងមានការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង ដោយកម្ពុជារំពឹងថា នឹងទាក់ទាញក្រុមហ៊ុនបារាំងប្រមាណ ៤០០មកចូលរួម ហើយចាប់អារម្មណ៍មកសិក្សា និងវិនិយោគលើវិស័យអាទិភាពមួយចំនួន រួមមាន៖ ថាមពល សុខាភិបាល និងកែច្នៃកសិកម្ម។
បើតាមលោក Julien Bert អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (CCIFC), បច្ចុប្បន្ន មានក្រុមហ៊ុន ឬសហគ្រិនប្រមាណជាង ៣៥០ ដែលមានទំនាក់ទំនង ជាមួយសកម្មភាពបារាំង កំពុងប្រតិបត្តិការនៅកម្ពុជា រួមជាមួយនឹងការវិនិយោគពីប្រទេសបារាំង ជាង៧០០លានដុល្លារ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា វេទិកានេះ នឹងបើកឱកាសឱ្យក្រុមហ៊ុនបារាំង មកស្វែងយល់ពីសក្ដានុពលវិនិយោគរបស់កម្ពុជា ជាពិសេសលើវិស័យកែច្នៃកសិកម្ម (agro-processing) ដោយសារកម្ពុជា មានវត្ថុធាតុដើមសម្បូរបែប។
ក្រៅពីនេះ កម្ពុជាក៏រំពឹងថា បារាំងនឹងនាំមកនូវភាពច្នៃប្រឌិតថ្មី (innovation) លើទំនិញ និងមធ្យោបាយធ្វើពាណិជ្ជកម្មសេវាកម្ម ព្រមទាំងការសិក្សាស្រាវជ្រាវ លើវិស័យថាមពលកកើតឡើងវិញ (renewable energy) និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (ប្រទេសនិយាយ ភាសាបារាំង) លើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីមេដឹកនាំកំពូលនៃបណ្តាប្រទេស និយាយ ភាសា បារាំង រួមទាំងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង៕
