ប្រតិភូ CDC ធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ក្នុងខេត្តស្វាយរៀង, កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការចំនួន ៣៩តំបន់ ទុនវិនិយោគ១៥ប៊ីលានដុល្លារ
09-11-2026 10:46
(ស្វាយរៀង)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅចុងសប្តាហ៍កន្លងទៅនេះ បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ និងតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាំង អ៊ិនធើណេសិនណល ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍ និងប្រតិបត្តិការនៅក្នុងតំបន់ទាំងពីរ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាធិការបានលើកឡើងអំពីសាវតានៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលជាលទ្ធផលនៃគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា។
គំនិតផ្តួចផ្តើមនេះបានប្រែក្លាយផ្ទៃដីទំនេរ និងវាលស្រែដ៏ធំល្វឹងល្វើយឱ្យទៅជាតំបន់ឧស្សាហកម្ម ដែលបាននិងកំពុងបន្តទាក់ទាញគម្រោងវិនិយោគថ្មីៗជាច្រើន ព្រមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម ពីឧស្សាហកម្មដែលប្រើប្រាស់កម្លាំងពលកម្មច្រើន ទៅជាឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់។
ជាមួយគ្នានេះ លោកអគ្គលេខាធិការបានរំលឹកឡើងវិញនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិនខិតខំផលិត និងកែច្នៃផលិតផលនៅក្នុងស្រុក មុននឹងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កើនតម្លៃបន្ថែម និងកាត់បន្ថយហានិភ័យ ដែលអាចកើតមានពីភាពមិនប្រាកដប្រជានៃការនាំចេញទៅក្រៅប្រទេស។
ទន្ទឹមនេះ លោកអគ្គលេខាធិការក៏បានលើកឡើងពីប្រសាសន៍ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានជំរុញឱ្យមានការកែច្នៃកសិផលក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម ព្រមទាំងពង្រឹងការតភ្ជាប់រវាងការវិនិយោគបរទេស និងឧស្សាហកម្មក្នុងស្រុក ក្នុងគោលដៅធានានូវការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកឱ្យកាន់តែរឹងមាំ និងមានស្ថិរភាព។
នៅឱកាសពិនិត្យរោងចក្រផលិតសំបកកង់រថយន្ត លោកអគ្គលេខាធិការបានលើកឡើងពីការខិតខំ របស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យមានការវិនិយោគកែច្នៃជ័រកៅស៊ូក្នុងស្រុក ឱ្យបានជាអតិបរមានិងប្រកបដោយគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតសំបបកកង់រថយន្តជំនួស ឱ្យការនាំចូលជ័រកៅស៊ូពីក្រៅប្រទេស ត្បិតកម្ពុជាមានសក្តានុពលខ្ពស់ក្នុងការផលិតនិងកែច្នៃជ័រកៅស៊ូ។
គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការចំនួន ៣៩តំបន់ ដោយបានស្រូបទាញគម្រោងវិនិយោគសរុបចំនួន ១.១៤៩គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១៥ប៊ីលានដុល្លារអាម៉េរិក និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋប្រមាណជិត ២៧ម៉ឺនកន្លែង៕










