ការពង្រឹងអភិបាលកិច្ចល្អ និងការរៀបចំយុទ្ធសាស្រ្តប្រកបដោយភាពទន់ភ្លន់ និងបត់បែន គឺជាចំណុចសំខាន់ ក្នុងការ បង្កើនបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ (Video inside)
06-11-2026 14:57
(ភ្នំពេញ)៖ លោក ស៉ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិកាអាកាសចរណ៍ស៉ីវិល បានលើកឡើងថា ការពង្រឹងអភិបាលកិច្ចល្អ និងការរៀបចំយុទ្ធសាស្រ្តប្រកបដោយភាពទន់ភ្លន់ និងបត់បែន គឺជាចំណុចសំខាន់ ក្នុងការ បង្កើនបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។
ការលើកឡើងរបស់លោក ស៉ីន ចាន់សេរីវុត្ថា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ផលប្រយោជន៍ សេដ្ឋកិច្ចជាតិ ពីការពង្រឹងភាពប្រកួតប្រជែង អាកាសយានដ្ឋានតេជោ»។
លោក ស៉ីន ចាន់សេរីវុត្ថា បានលើកឡើងថា ទោះបីកម្ពុជាជាប្រទេសមានទំហំសេដ្ឋកិច្ច និងចំនួនប្រជាជនមិនធំក៏ដោយ ប៉ុន្តែការរៀបចំយុទ្ធសាស្ត្រឱ្យមានភាពទន់ភ្លន់ និងអាចបត់បែនតាមស្ថានភាពជាក់ស្តែង គឺជាចំណុចសំខាន់ក្នុងការបង្កើនសក្តានុពល និងភាពទាក់ទាញរបស់ប្រទេស។
លោកបានបញ្ជាក់ថា កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើវិស័យឯកជន និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើធុរកិច្ច ដោយកន្លងមកកម្ពុជាបានបើកចំហសម្រាប់ការវិនិយោគ និងការផ្ទេរប្រាក់ទៅក្រៅប្រទេស ស្របតាមច្បាប់វិនិយោគ និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា ការធ្វើឱ្យបរិយាកាសវិនិយោគកាន់តែល្អប្រសើរ ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនកិច្ចសហការគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យដំណើរការផ្តល់សេវា និងការបំពេញបែបបទរដ្ឋបាលកាន់តែមានភាពរលូន និងច្បាស់លាស់។
លោកបានចាត់ទុកការពង្រឹងអភិបាលកិច្ចល្អ ជាចំណុចអាទិភាព ដោយត្រូវដោះស្រាយបញ្ហាភាពស្មុគស្មាញនៃការឆ្លងកាត់ឯកសារ និងលុបបំបាត់ភាពមិនប្រក្រតី ឬអំពើពុករលួយក្នុងដំណើរការរដ្ឋបាល ដើម្បីបង្កើនទំនុកចិត្តរបស់វិនិយោគិនមកលើប្រព័ន្ធគ្រប់គ្រង និងការផ្តល់សេវារបស់កម្ពុជា។
លោកបានលើកឡើងពីការយកតំបន់សេដ្ឋកិច្ចពិសេស ធ្វើជាគម្រោងសាកល្បង ក្នុងការកែលម្អការសម្របសម្រួល និងការផ្តល់សេវាដល់វិនិយោគិន។ ប្រសិនបើការអនុវត្តគំរូនេះទទួលបានជោគជ័យ កម្ពុជានឹងអាចយកបទពិសោធន៍ និងគំរូល្អទាំងនោះទៅអនុវត្តនៅតាមវិស័យ និងតំបន់ផ្សេងៗបន្ថែមទៀត។
លោកបានបង្ហាញទស្សនៈថា ការរួមគ្នាពង្រឹងអភិបាលកិច្ចល្អ កែលម្អនីតិវិធីរដ្ឋបាល និងជំរុញកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន នឹងក្លាយជាកម្លាំងសំខាន់ក្នុងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា និងទាក់ទាញលំហូរវិនិយោគឱ្យកាន់តែប្រសើរឡើងនាពេលខាងមុខ៕
សូមស្តាប់ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវត្ថា៖







