អាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងពិនិត្យ និងកែសម្រួលសិទ្ធិនៃការហោះហើរ ឱ្យកាន់តែទូលំទូលាយ និងតភ្ជាប់ ជើងហោះហើរឱ្យបានច្រើនប្រទេស (Video inside)
06-11-2026 14:55
(ភ្នំពេញ)៖ លោក ស៉ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិកាអាកាសចរណ៍ស៉ីវិល បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងពិនិត្យ និងកែសម្រួលសិទ្ធិនៃការហោះហើរ ឱ្យកាន់តែទូលំទូលាយ និងតភ្ជាប់ជើងហោះហើរឱ្យបានច្រើនប្រទេស។
ការលើកឡើងរបស់លោក ស៉ីន ចាន់សេរីវុត្ថា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ផលប្រយោជន៍ សេដ្ឋកិច្ច ជាតិ ពី ការពង្រឹងភាព ប្រកួតប្រជែង អាកាសយានដ្ឋានតេជោ»។
លោក ស៉ីន ចាន់សេរីវុត្ថា បានលើកឡើងថា ការពិនិត្យ និងធ្វើបច្ចុប្បន្នភាពសិទ្ធិហោះហើរនេះ គឺជាការងារសំខាន់មួយ ដើម្បីសម្រួលដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ក្នុងការតភ្ជាប់ជើងហោះហើរមកកាន់កម្ពុជា និងចេញពីកម្ពុជាទៅកាន់គោលដៅផ្សេងៗ។
លោកបានបញ្ជាក់ថា កម្ពុជាមានឯកសារគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស និងផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល ដែលជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវសម្រាប់ជំរុញការអភិវឌ្ឍវិស័យនេះក្នុងរយៈពេលខាងមុខ។
លោកបានឱ្យដឹងថា កន្លងមក កម្ពុជាបានអនុវត្តគោលនយោបាយបើកចំហដែនអាកាស ដោយសម្រួលដល់ក្រុមហ៊ុនអាកាសចរណ៍បរទេស ក្នុងការហោះហើរមកកាន់កម្ពុជា និងដឹកជញ្ជូនអ្នកដំណើររវាងកម្ពុជា និងប្រទេសដទៃ។ ទោះជាយ៉ាងណា អាជ្ញាធរកំពុងពិនិត្យបន្ថែមលើការកែសម្រួលសិទ្ធិហោះហើរ ដើម្បីឱ្យកាន់តែសមស្របទៅនឹងស្ថានភាពជាក់ស្តែង និងអាចបង្កើនឱកាសតភ្ជាប់ផ្លូវអាកាសជាមួយប្រទេសកាន់តែច្រើន។
លោក ស៉ីន ចាន់សេរីវុត្ថា បានលើកឡើងថា តាមផែនការដែលបានរៀបចំ កម្ពុជារំពឹងថានឹងទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ៨លាននាក់នៅឆ្នាំ២០២៧។ ប៉ុន្តែដោយសារកត្តាប្រឈមមួយចំនួន ចំនួនអ្នកដំណើរជាក់ស្តែងមិនទាន់សម្រេចតាមការរំពឹងទុកនោះទេ ដោយគិតត្រឹមខែកញ្ញា មានអ្នកដំណើរជាង ៤,៥លាននាក់ប៉ុណ្ណោះ។
លោកបានបន្ថែមថា ដើម្បីសម្រេចបានគោលដៅអ្នកដំណើរ ៨លាននាក់នៅឆ្នាំ២០២៧ វិស័យអាកាសចរណ៍ត្រូវការកំណើនយ៉ាងតិចប្រមាណ ៣០% និងត្រូវបង្កើនចំនួនអ្នកដំណើរបន្ថែមប្រមាណ ១,៨លាននាក់។ ដូច្នេះ កម្ពុជាចាំបាច់ត្រូវពិនិត្យ និងកែសម្រួលផែនការឱ្យមានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែង។
ការពង្រីកសិទ្ធិហោះហើរ និងការតភ្ជាប់ជើងហោះហើរអន្តរជាតិ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់មួយក្នុងការបង្កើនលំហូរអ្នកដំណើរ ទាក់ទាញភ្ញៀវទេសចរ និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែម តាមរយៈការជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា៕
សូមស្តាប់ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវត្ថា៖







