បណ្ឌិត កៅ ថាច ប្រាប់កសិករថា ARDB ជាធនាគារគោលនយោបាយ ផ្តល់ប្រាក់កម្ចីអត្រាកាប្រាក់ទាប ដល់វិស័យកសិកម្ម
05-11-2026 15:25
(កំពង់ធំ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានថ្លែងថា កសិករ និងអ្នកកែច្នៃកសិផល អាចស្វែងរកឥណទានក្នុងអត្រាការប្រាក់ទាបពី ARDB ដែលជាធនាគារគោលនយោបាយរបស់រដ្ឋាភិបាល។
លោកបណ្ឌិត បានពន្យល់ថា ដូចគ្នានឹងតាមបណ្ដាប្រទេសនានាដែរ ដើម្បីឱ្យប្រជាជនអាចខ្ចីលុយ ពីរាជរដ្ឋាភិបាលបាន គឺរាជរដ្ឋាភិបាលបង្កើតធនាគារមួយ សម្រាប់បញ្ចេញលុយទៅឱ្យប្រជាពលរដ្ឋខ្ចី ដើម្បីជំរុញវិស័យអាទិភាព ពោលគឺវិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទ។
លោកបណ្ឌិតបានលើកឡើងបែបនេះក្នុងពិធីសំណេះសំណាល និងសួរសុខទុកប្រជាកសិករនៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពិធីនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ដួង ចន្ទដារ៉ា អភិបាលរងស្រុកកំពង់ស្វាយ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណជាង២០០នាក់។
លោកបណ្ឌិតបានថ្លែងថា «នៅកម្ពុជា យើងមានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនេះមុនគេ ដែលជួយបំពេញដល់តម្រូវការចាំបាច់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងវិស័យកសិកម្ម។ ដូចនេះធនាគារ ARDB គឺជាដៃរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់លុយឱ្យប្រជាពលរដ្ឋខ្ចីយកទៅធ្វើការងារ និងប្រកបមុខរបរក្នុងវិស័យកសិកម្ម។ ធនាគាររបស់រដ្ឋនេះ តែងតែផ្តល់លុយឱ្យប្រជាពលរដ្ឋខ្ចីក្នុងអត្រាការប្រាក់សមរម្យ ហើយទាបជាងបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗនៅក្នុងប្រទេស។ បើពុំដូចនេះទេ មិនអាចអនុវត្តគោលនយោបាយបានទេ ជាពិសេសគោលនយោបាយនៃការអភិវឌ្ឍន៍វិស័យកសិកម្ម វិស័យវារីវប្បកម្ម ការកែច្នៃផលិតផល និងការធ្វើសិប្បកម្មខ្នាតតូចនៅតាមជនបទ ដែលយើងចាត់ទុកជាអភិវឌ្ឍន៍ជនបទ»។
លោកបណ្ឌិតលើកឡើងថា កន្លងទៅធនាគារនេះ មិនសូវមានប្រជាពលរដ្ឋបានស្គាល់ទេ បានត្រឹមតែឮ ថាជាធនាគាររដ្ឋ ហើយអ្នកដែលបានចូលរួមខ្ចីក៏មានចំនួនតិចតួចដែរ។
លោកអគ្គនាយក បានថ្លែងថា «ថ្ងៃនេះ ខ្ញុំចង់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយបានស្គាល់អំពីធនាគារARDB ដែលជាធនាគាររបស់រដ្ឋ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចេញប្រាក់កម្ចីជូនដល់បងប្អូនប្រជាកសិករសម្រាប់ធ្វើកសិកម្ម និងធ្វើកិច្ចការអាជីវកម្មពាក់ព័ន្ធ និងការអភិវឌ្ឍន៍ជនបទ ហើយវាជាបេសកកម្មរបស់ធនាគារ»។
កន្លងទៅ ធនាគារ ARDB បានចូលរួមអនុវត្តនូវគោលនយោបាយដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១០ ដើម្បីជំរុញការនាំចេញអង្ករទៅក្រៅប្រទេស ឱ្យបាន១លានតោនក្នុងមួយឆ្នាំ។ គោលនយោបាយមួយនេះ បានអនុវត្តជាបន្តបន្ទាប់ដោយធ្វើយ៉ាងណា ជំរុញការនាំចេញអង្ករទៅក្រៅប្រទេសឱ្យបាន១លានតោន។
លោកណ្ឌិត បានថ្លែងថា «ឆ្នាំនេះគឺជាឆ្នាំពិសេសគោលនយោបាយនៃការនាំចេញអង្ករ១លានតោនយើងសម្រេចបានជាង១លានតោន។ ការនាំចេញអង្ករទៅក្រៅប្រទេសបាន ជាង១លានតោន អាចសម្រេចទៅបានដោយសារអ្នកណា? ដោយសារបងប្អូនប្រជាកសិករនេះហើយដែលបានខិតខំទាំងយប់ទាំងថ្ងៃ រៀបចំភ្ជួរដី ព្រោះ ស្ទូង ចំណាយពេលវេលាថែទាំ ការពារសត្វល្អិត ដើម្បីបានផលល្អ គុណភាពល្អ ធ្វើឱ្យក្រុមហ៊ុនកែច្នៃនាំចេញអង្ករទៅលក់នៅក្រៅប្រទេសបាន»។
លោកបណ្ឌិតសង្កត់ធ្ងន់ថា «នេះហើយជាតួនាទីស្នូលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយកាលពីឆ្នាំកន្លងទៅ យើងបានបញ្ចេញកម្ចីទៅក្នុងផ្នែកស្រូវអង្ករគិតអត្រាការប្រាក់តែ ៥,៥% ក្នុងមួយឆ្នាំ។ ប៉ុន្តែបើយើងអនុវត្តនៅក្នុងវិស័យកសិកម្មធម្មតា គិតក្នុងអត្រាការប្រាក់ប្រហែល០.៦៥%ក្នុងមួយខែ»៕










