FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំនួបជាមួយគណៈប្រតិភូទីក្រុងចាវឈីង, មន្រ្ដីជាន់ខ្ពស់ CDC លើកទឹកចិត្តឱ្យពិចារណា បណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជា

05-11-2026 15:22

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦​ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូទីក្រុង ចាវឈីង (Zhaoqing) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Liu Jingbo សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអភិបាលរងទីក្រុង ចាវឈីង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលទីក្រុង ព្រមទាំងតំណាងក្រុមហ៊ុនឯកជនចំនួន ២៣ក្រុមហ៊ុន។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីបរិយាកាសធុរកិច្ច និងកាលានុវត្តភាពវិនិយោគ ព្រមទាំងបានគូសបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា-ចិន ដែលបានបន្តពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេសតាមរយៈ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។

ជាមួយគ្នានេះ លោកអគ្គលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់ថា ប្រទេសចិនគឺជាប្រភពទុនវិនិយោគបរទេសដ៏សំខាន់ និងជាដៃគូវិនិយោគដ៏ធំរបស់កម្ពុជា។ ជាក់ស្តែង វិនិយោគិនចិន បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ដូចជា ការផលិតសំបកកង់រថយន្ត ការផលិតគ្រឿងបង្គុំអេឡិចត្រូនិកនិងអគ្គិសនី គ្រឿងសង្ហារិម និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ល។

បន្ថែមលើនេះ លោកអគ្គលេខាធិការ បានលើកឡើងពីសក្តានុពលដ៏ធំធេងសម្រាប់ការវិនិយោគក្នុងវិស័យកែច្នៃកសិផលកម្ពុជា ជាពិសេស ការកែច្នៃស្វាយចន្ទី ជ័រកៅស៊ូ និងដំឡូងមី ដើម្បីបង្កើតតម្លៃបន្ថែម និងបង្កើនផលចំណេញពីផលិតផលកសិកម្មក្នុងស្រុក។

ទន្ទឹមនឹងនេះ ដោយសារកម្ពុជានៅមានតម្រូវការនាំចូលវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចក្នុងទំហំធំ លោកអគ្គលេខាធិការ បានលើកទឹកចិត្តដល់តំណាងក្រុមហ៊ុន ឱ្យពិចារណាបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជា ដើម្បីជំនួសការនាំចូល និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

លោក Liu Jingbo ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានចំណាយពេលទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានសំខាន់ៗ សម្រាប់ការបន្តពង្រឹកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការជំរុញវិនិយោគរវាងទីក្រុង ចាងឈីង និងកម្ពុជា។

លោក Liu Jingbo បានជម្រាបជូនពីឧត្តមភាពប្រកួតប្រជែងរបស់ទីក្រុង ចាវឈីង ក្នុងវិស័យមួយចំនួនដូចជា ឧស្សាហកម្មយានយន្ត ឧស្សាហកម្មស៊ីម៉ង់ត៍ ការផលិតគ្រឿងអេឡិចត្រូនិក ការកែច្នៃកសិផលនិងម្ហូបអាហារ។

បន្ទាប់ពីមតិរបស់លោក Liu Jingbo តំណាងក្រុមហ៊ុនឯកជនមកពីទីក្រុង ចាវឈីង បានលើកឡើងនូវការកត់សម្គាល់ឃើញពីការខិតខំកែលម្អបរិស្ថានវិនិយោគនៅកម្ពុជា និងបានលើកឡើងនូវសំណួរពាក់ព័ន្ធនឹងការដឹកជញ្ជូន និងការផ្គត់ផ្គង់អគ្គិសនីផងដែរ។

ទន្ទឹមនេះ តំណាងក្រុមហ៊ុនឯកជនមួយចំនួនក៏បានបង្ហាញពីបំណងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម រោងចក្រផលិតថ្នាំលាប និងរោងចក្រផលិតដែកអ៊ីណុកនិងសម្ភារៈសំណង់ នៅកម្ពុជា ហើយបានស្នើសុំការគាំទ្រគម្រោងវិនិយោគរបស់ខ្លួនពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាការឆ្លើយតប លោកអគ្គលេខាធិការ បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ សម្របសម្រួល និងគាំទ្រដល់វិនិយោគិន មិនត្រឹមតែនៅដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា៕