ការិយាល័យមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បើកដំណើរការជាផ្លូវការ ដើម្បីពង្រឹងការការពារអ្នកប្រើប្រាស់
03-11-2026 08:09
(ភ្នំពេញ)៖ មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) បានប្រកាសដាក់ឱ្យដំណើរការការិយាល័យរបស់ខ្លួនជាផ្លូវការ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងការការពារអ្នកប្រើប្រាស។
ពិធីដ៏សំខាន់នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក យឹម លាត ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ FCPC ស្ថិតនៅអគារលេខ២២ ផ្លូវលេខ២៤២កែង១០៧ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ការបើកដំណើរការការិយាល័យថ្មីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងស្ថាប័នស្ថានិករបស់មជ្ឈមណ្ឌល រួមមាន សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា (CAFT) ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ការដាក់ឱ្យដំណើរការការិយាល័យជាផ្លូវការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការបន្តពង្រឹងបេសកកម្មរបស់មជ្ឈមណ្ឌល ក្នុងការលើកកម្ពស់ការការពារ និងពង្រឹងការយល់ដឹងរបស់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុនៅកម្ពុជា។ ជាមួយគ្នានេះ FCPC ក៏នឹងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន តម្លាភាព និងនិរន្តរភាព ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ៕







