អាកាសចរណ៍ជាតិកម្ពុជា ប្រកាសបើកជើងហោះហើរត្រង់ ភ្នំពេញ-វៀងចន្ទ ឡើងវិញ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៦

02-11-2026 17:45

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(អ៊ែរ ខេមបូឌា/K6) ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កម្ពុជា បានប្រកាសគម្រោង បើកជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ ឡើងវិញ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៦ ដោយស្តារខ្សែជើងហោះហើរ ដែលធ្លាប់ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍មុនរបស់ខ្លួន (ក្រុមហ៊ុនអាកាសចរណ៍ ជាតិកម្ពុជា អង្គរ(ខេមបូឌា អង្គរ អ៊ែរ/K6) ឡើងវិញ។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ការបើកជើងហោះហើរឡើងវិញនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តផ្នែកប្រតិបត្តិការដែលកំពុងកើនឡើង របស់ក្រុមហ៊ុន និងការប្តេជ្ញាចិត្តក្នុងការពង្រឹងការតភ្ជាប់ក្នុងតំបន់អាស៊ាន និងអនុតំបន់ មេគង្គ ឱ្យកាន់តែស៊ីជម្រៅ។

ជើងហោះហើរដែលគ្រោងនេះ នឹងតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ(KTI/TIA) នៅរាជធានីភ្នំពេញ ជាមួយអាកាសយានដ្ឋានអន្តរជាតិវត្តតៃ(VTE) នៅរដ្ឋធានីវៀងចន្ទនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ឡាវ)។
ព័ត៌មានលម្អិតអំពីជើងហោះហើរដែលគ្រោងធ្វើ
• កាលបរិច្ឆេទគ្រោងចាប់ផ្តើម៖ ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៦
• ថ្ងៃហោះហើរ៖ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ
• ចំនួនជើង៖ ៣ជើងហោះហើរ ក្នុងមួយសប្តាហ៍
• ប្រភេទយន្តហោះគ្រោងប្រើ៖ COMAC C909 ឬប្រភេទយន្តហោះសមស្របផ្សេងទៀត អាស្រ័យលើភាពត្រៀមខ្លួនផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការ ព្រមទាំងការអនុលោមជាធរមាន តាមតម្រូវការសុពលភាពហោះហើរ សុវត្ថិភាព និងបទប្បញ្ញត្តិ ទាំងនៅកម្ពុជា និងនៅឡាវ។

ព័ត៌មានលម្អិតផ្នែកប្រតិបត្តិការទាំងអស់ នឹងត្រូវធ្វើការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(អ៊ែរ ខេម បូឌា/K6) ដែលអាចមានការកែសម្រួល ស្របតាមលទ្ធភាពយន្តហោះ និងការអនុលោមតាមតម្រូវការបទប្បញ្ញត្តិរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសទាំងពីរ។

លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា ការបើកជើងហោះហើរត្រង់ឡើងវិញរវាងភ្នំពេញ និងវៀងចន្ទ ត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រទេសទាំងពីរ៖
* សម្រាប់អ្នកដំណើរ និងភ្ញៀវទេសចរ ខ្សែជើងហោះហើរនេះនឹងផ្តល់ការតភ្ជាប់ផ្ទាល់ដ៏ងាយស្រួលរវាងរដ្ឋធានីទាំងពីរ កាត់បន្ថយរយៈពេលធ្វើដំណើរ និងពង្រីកជម្រើសសម្រាប់ការធ្វើដំណើរទេសចរណ៍ អាជីវកម្ម និងកម្សាន្ត។
* សម្រាប់កម្ពុជា និងឡាវ ជើងហោះហើរនេះនឹងជួយសម្រួលដល់ការពង្រឹងពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនទ្វេភាគី ដែលរួមចំណែកដល់សមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ស្របតាមក្របខ័ណ្ឌអាស៊ាន និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សូមស្វាគមន៍ចំពោះវឌ្ឍនភាពនេះ ដែលជាការរួមចំណែកវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជា ក្នុងការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិ និងលើកកម្ពស់អាកាសយានដ្ឋានអន្តរជាតិតេជោ ឱ្យក្លាយ ជាមជ្ឈមណ្ឌលតភ្ជាប់ក្នុងតំបន់ដែលកំពុងមានការរីកចម្រើន។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សូមបញ្ជាក់ថា ការចាប់ផ្តើមប្រតិបត្តិការលើខ្សែជើងហោះហើរនេះ ត្រូវស្ថិតក្រោមក្របលក្ខខណនៃការបំពេញតាមលក្ខណតម្រូវការសុវត្ថិភាព បច្ចេកទេស និងបទប្បញ្ញត្តិទាំងអស់ជាធរមាន ស្របតាមច្បាប់ស្តីពីអាកាស ចរណ៍ស៊ីវិលរបស់កម្ពុជា និងស្តង់ដារអន្តរជាតិរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ(ICAO)។
ជើងហោះហើរ ប្រចាំទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(អ៊ែរខេម បូឌា/K6) ស្ថិតក្រោមការត្រួតពិនិត្យតាមដានផ្នែកបទប្បញ្ញត្តិជាបន្តបន្ទាប់របស់ រ.ល.អ.ស. ។

តួនាទីរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គឺធានាថា វិស័យអាកាសចរណ៍កម្ពុជា អភិវឌ្ឍប្រកបដោយសុវត្ថិភាព និរន្តរភាព និងអនុលោមតាមស្តង់ដារអន្តរជាតិ ដោយគាំទ្រទាំង មហិច្ឆតានៃកំណើនរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងទំនុកចិត្តរបស់អ្នកដំណើរ ដៃគូ និងវិនិយោគិន ចំពោះប្រព័ន្ធអេកូអាកាសចរណ៍របស់កម្ពុជា៕