FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កសិកររស់នៅជិតប្រភពទឹក​គួររក្សា​ទឹកទុក និងប្រើប្រាស់ដោយសន្សំសំចៃ​ខ្ពស់​ សម្រាប់ការធ្វើកសិកម្មក្នុងពេលខ្វះទឹក

02-11-2026 17:43

(កំពង់ធំ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោ បាន​ណែនាំ និងលើកទឹកចិត្ត​ដល់បងប្អូនកសិករ​ដែលរស់នៅជិតប្រភពទឹក​ គួររក្សា​ទឹកទុក​ និងសន្សំសំចៃឱ្យបានខ្ពស់ ព្រោះបាតុភូតអែលនីញ៉ូ​ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ មិនមែនប៉ះពាល់​មកលើតែកម្ពុជា​មួយទេ ប៉ុន្តែបណ្ដា​ប្រទេសជាច្រើន​នៅទូទាំងពិភពលោក​។​

លោកបណ្ដិត ថ្លែងបែបនេះ នៅ​ក្នុងកម្មវិធីសំណេះសំណាល​ និងសួរសុខទុក​ប្រជាកសិករ​ក្នុងក្រុងស្ទឹងសែន និងស្រុកសន្ទុកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី​២ ខែវិច្ឆិកាឆ្នាំ​២០២៦នេះ ។
ពិធីនេះ មានការអញ្ជើញចូលរួមជាកិត្តិយស​​ពីលោក តាំង ម៉េងលាង អភិបាលរងខេត្តកំពង់ធំ លោក វណ្ណៈ សោភានិត អភិបាល​​ស្រុក​សន្ទុក លោក ហេង សារិទ្ធ អភិបាល​រងក្រុងកំពង់ធំ​ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម រួមនិងកសិករប្រមាណ​៦០០នាក់​។​

ពាក់ព័ន្ធវិស័យកសិកម្មនេះ លោកប្រតិភូបានថ្លែងថា​ បញ្ហា​​ដែលបងប្អូនប្រជាកសិករជាអ្នកធ្វើស្រែ​នៅចុងឆ្នាំ​២០២៦ និងឆ្នាំ​២០២៧ នឹងជួប​ជាមួយវិបត្តិ​ខ្វះទឹក​ ដោយសារ​បាតុភូតអែលនីញ៉ូ វាយប្រហារទូទាំងពិភពលោក​។​

លោកបណ្ឌិត បានថ្លែងថា «បើ​ខ្វះទឹក​ កសិករមិនអាចធ្វើកសិកម្មបានទេ​។ ដូច្នេះបងប្អូន​គិតគូបញ្ហានេះឱ្យបានមែនទែន។ ​កុំឱ្យធ្វើស្រែហើយ​ ព្រួសគ្រាប់ទើបដុះ​បានតិចតួច ​ហើយភ្ជួរចោល​វិញ​។ ការ​ភ្ជួរចោលត្រូវចំណាយ​ទៅលើថ្លៃ​ភ្ជួរចោល អស់ថ្លៃពូជ​ ជី​ កំម្លាំងពលកម្ម​ ពេលវេលា ខាតប្រាក់អត់ប្រយោជន៍​។​ ដូច្នេះ អ្នកនៅជិតប្រភពទឹក​គួររក្សារទឹកទុក​ និងប្រើសន្សំសំចៃឱ្យបានច្រើន​បនិ្តច​បើចង់ធ្វើកសិកម្ម​បន្តទៀត​ ព្រោះវិបត្តិ​វាមិនមែនប៉ះពាល់តែកម្ពុជាទេ​ ប៉ុន្តែប៉ះពាល់ទូទាំងពិភពលោក​»។

នៅក្នុងចំណុចនេះ លោកបណ្ឌិត បានទាញការចាប់អារម្មណ៍ដល់បងប្អូនប្រជាពលរដ្ឋ​ចូលរួមដោយលើកសំណួរថា «បើសិនជាបែបនេះ តើវាជាបណ្តាសារ ឬជាឱកាស​? ​ខ្ញុំគិតថាទាំងពីរ​។ ​ប៉ុន្តែឱកាសវាមានច្រើន​។ ឱកាសមានច្រើនរបៀបម៉េច? ដរាបណា​យើងអាចរក្សាទឹកទុកយើងធ្វើបានផល​ ខ្ញុំគិតថា​ភោគផលកសិកម្ម​វានឹងឡើងថ្លៃ​។ នេះជាឱកាស​មួយធំសម្រាប់បងប្អូន​ត្រូវក្តាប់ឱកាសនេះឱ្យបាន​។ ជាការពិត ការធ្វើកសិកម្ម​នៅកន្លែងណាក៏មិនទៀង​ ប៉ុន្តែបើសិនយើងអាចក្តាប់ឱកាសក្នុងដៃយើងបាន​ ឆ្លៀតធ្វើយ៉ាងម៉េច​ធ្វើបានផលល្អ គុណភាពខ្ពស់​ខ្ញុំគិតថាជាឱកាសរបស់បងប្អូនធំណាស់»៕