យល់ដឹងពីជំនួញ៖ បណ្ឌិត កៅ ថាច ណែនាំ MSMEs រៀបចំអាជីវកម្មឱ្យត្រឹមត្រូវតាមច្បាប់ ដើម្បីអាចស្វែងរកប្រភពទុនមកដំណើរការអាជីវកម្ម ក្រៅពីខ្ចីធនាគារ (Video inside)
01-11-2026 13:36
(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារ ARDB បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម (MSMEs) ភាគច្រើននៅតែគិតដល់ធនាគារមុនគេនៅពេលត្រូវការទុន ប៉ុន្តែលោកបានណែនាំឱ្យស្វែងយល់ពីប្រភពទុនផ្សេងទៀតដូចជា ផ្សារមូលបត្រ ប្រព័ន្ធធានារ៉ាប់រង និងបរធនបាលកិច្ច ដែលមានសក្តានុពលខ្ពស់។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ដើម្បីអាចទាញយកប្រភពទុនទាំងនេះបាន MSMEs ចាំបាច់ត្រូវរៀបចំអាជីវកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ ដោយចុះបញ្ជីពីអាជីវកម្មក្រៅប្រព័ន្ធទៅជាអាជីវកម្មក្នុងប្រព័ន្ធ។ ការចុះបញ្ជីនេះមានសារៈសំខាន់ណាស់ ដើម្បីឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងទីផ្សារនានាអាចវាយតម្លៃហានិភ័យរបស់ក្រុមហ៊ុនបានត្រឹមត្រូវ។ បើគ្មានការចុះបញ្ជី និងឯកសារច្បាស់លាស់ទេ ហានិភ័យខ្ពស់នឹងធ្វើឱ្យពិបាកក្នុងការទទួលបានទុន។
លោកបណ្ឌិត កៅ ថាច ក៏បានលើកឡើងពីទិន្នន័យឆ្នាំ ២០២២ ដែលបង្ហាញថា ការចុះបញ្ជីសហគ្រាសធុនតូចនៅមានប្រមាណ ៤៩% និងធុនមធ្យមមិនដល់ ៨០% នៅឡើយ។ លោកបានអំពាវនាវឱ្យ MSMEs ទាំងអស់ត្រៀមខ្លួនចុះបញ្ជីក្នុងប្រព័ន្ធ ដោយប្រើប្រាស់ប្រព័ន្ធ CamDx ដែលអាចជួយសម្រួលដល់ការចុះបញ្ជីក្រុមហ៊ុន និងការស្នើសុំអាជ្ញាប័ណ្ណពាក់ព័ន្ធនានា។ ការចុះបញ្ជីមិនត្រឹមតែជួយឱ្យទទួលបានទុនប៉ុណ្ណោះទេ ថែមទាំងអាចទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាលផងដែរ៕
សូមស្ដាប់ការលើកឡើងទាំងស្រងរបស់លោកបណ្ឌិត កៅ ថាច៖


