ករណីកុមាររងការគំរាមកំហែងតាមអ៊ីនធឺណិត អ្នកជំនាញណែនាំឱ្យ Report ឬ Block ជាមុនសិន និងរាយការណ៍ទៅសមត្ថកិច្ច (Video inside)
31-10-2026 12:21
(ភ្នំពេញ)៖ លោក ចាន់ ភក្តី ក្រុមការងារសុវត្ថិភាពលើប្រព័ន្ធអនឡាញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំថា ក្នុងករណីកុមាររងការគំរាមកំហែង ឬការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត កុមារគួរប្រើប្រាស់មុខងារ Report ឬ Block នៅលើបណ្ដាញសង្គម ដើម្បីរាយការណ៍ និងទប់ស្កាត់គណនីជនល្មើស ព្រមទាំងស្វែងរកជំនួយពីអាជ្ញាធរ និងសមត្ថកិច្ចដែលនៅជិតខ្លួន។
ការលើកឡើងរបស់លោក ចាន់ ភក្តី ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការការពារកុមារពីការឆបោកក្នុងយុគសម័យឌីជីថល»។
លោក ចាន់ ភក្តី បានលើកឡើងថា នៅពេលកុមារប្រឈមនឹងការគំរាមកំហែង ឬការបោកបញ្ឆោតតាមអនឡាញ ពួកគេត្រូវស្គាល់ពីវិធីរាយការណ៍ទៅកាន់វេទិកាបណ្ដាញសង្គម ដោយក្នុងករណីមានការបង្ហោះរូបភាព ឬមាតិកាដែលប៉ះពាល់ដល់ខ្លួន កុមារអាចចុចមុខងារ Report នៅលើ Facebook, TikTok ឬវេទិកាផ្សេងៗ ដើម្បីឱ្យក្រុមហ៊ុនពិនិត្យ និងចាត់វិធានការតាមគោលការណ៍របស់ខ្លួន។
លោកបានបញ្ជាក់ថា ក្រៅពីការរាយការណ៍តាមវេទិកាអនឡាញ កុមារក៏អាចស្វែងរកជំនួយពីសមត្ថកិច្ចជំនាញ ដោយនៅក្រសួងមហាផ្ទៃ មាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានតួនាទីពាក់ព័ន្ធនឹងការដោះស្រាយបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកបន្តថា ដោយសារកុមារមួយចំនួនមានអាយុក្រោម ១៨ ឆ្នាំ អាចមានការភ័យខ្លាច ឬមិនហ៊ានដាក់ពាក្យបណ្ដឹងដោយផ្ទាល់ នៅពេលជួបប្រទះបញ្ហាបែបនេះ ដូច្នេះកុមារគួរមានភាពក្លាហានក្នុងការប្រាប់ឪពុកម្ដាយ អាណាព្យាបាល ឬមនុស្សពេញវ័យដែលខ្លួនទុកចិត្ត ព្រមទាំងរាយការណ៍ទៅអាជ្ញាធរដែលនៅជិតបំផុត ដូចជាមេភូមិ ឬនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីឱ្យមានការជួយអន្តរាគមន៍ និងចាត់វិធានការបន្ត។
លោកក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការប្រមូលភស្តុតាង ដើម្បីជួយដល់សមត្ថកិច្ចក្នុងការស្វែងរក និងដោះស្រាយករណីដែលកើតឡើង។ ក្នុងនោះ កុមារគួររក្សាទុករូបថតអេក្រង់ (Screenshot) នៃសារសន្ទនា សារគំរាមកំហែង និងព័ត៌មានពាក់ព័ន្ធនឹងគណនីជនល្មើស ដើម្បីធ្វើជាភស្តុតាងសម្រាប់ការរាយការណ៍។
លោកបានបញ្ជាក់ថា ការយល់ដឹងពីវិធីរាយការណ៍ ការស្វែងរកជំនួយពីមនុស្សដែលទុកចិត្ត និងការរក្សាទុកភស្តុតាង គឺជាចំណុចសំខាន់ដែលអាចជួយឱ្យកុមារការពារខ្លួន និងទទួលបានការគាំទ្រនៅពេលរងការគំរាមកំហែងតាមប្រព័ន្ធអនឡាញ៕








