FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ធួន ស៊ីណាន៖ ប្រសិទ្ធភាពវិស័យទេសចរណ៍ មិនមែនវាស់វែងត្រឹមចំនួនភ្ញៀវទេសចរនោះទេ (Video inside)

30-10-2026 15:20

(ភ្នំពេញ)៖ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) បានលើកឡើងថា ប្រសិទ្ធភាពនៃវិស័យទេសចរណ៍ មិនគួរវាស់វែងត្រឹមតែចំនួនភ្ញៀវទេសចរដែលមកទស្សនាកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែត្រូវពិនិត្យមើលផងដែរថា ភ្ញៀវទេសចរបានស្នាក់នៅរយៈពេលប៉ុន្មានថ្ងៃ ចំណាយថវិកាអស់ប៉ុន្មាន និងតើចំណូលទាំងនោះបានហូរចូលដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានក្នុងកម្រិតណា។

ការលើកឡើងបែបនេះរបស់លោក ធួន ស៊ីណាន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ក្រោមប្រធានបទ «វិធានការគន្លឹះជំរុញកំណើនទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៧»។

លោកបណ្ឌិត ធួន ស៊ីណាន បានបញ្ជាក់ថា ការរៀបចំផែនការអភិវឌ្ឍវិស័យទេសចរណ៍នីមួយៗ ចាំបាច់ត្រូវមានសូចនាករគន្លឹះ សម្រាប់វាស់វែងលទ្ធផល (KPI) ឱ្យបានច្បាស់លាស់ ដើម្បីតាមដានថាតើផែនការដែលបានដាក់ចេញសម្រេចបានលទ្ធផលកម្រិតណា និងត្រូវកែលម្អចំណុចណាខ្លះ។

លោកបានកត់សម្គាល់ថា កន្លងមក ការបង្ហាញពីសមិទ្ធផលក្នុងវិស័យទេសចរណ៍ភាគច្រើនផ្តោតលើចំនួនភ្ញៀវទេសចរ ជាពិសេសក្នុងឱកាសបុណ្យទាន ដោយតែងតែបង្ហាញថា ខេត្តមួយមានភ្ញៀវទេសចររាប់សែននាក់ ឬរាប់លាននាក់។ ទោះជាយ៉ាងណា ចំនួនភ្ញៀវទេសចរតែមួយមុខ មិនទាន់អាចបញ្ជាក់ពីប្រសិទ្ធភាពសេដ្ឋកិច្ចនៃវិស័យនេះ បានពេញលេញនៅឡើយទេ។

លោកបណ្ឌិតបានគូសបញ្ជាក់ថា ការវាស់វែងឱ្យបានត្រឹមត្រូវ ត្រូវពិនិត្យលើកត្តាសំខាន់ៗបន្ថែម ដូចជា រយៈពេលដែលភ្ញៀវទេសចរស្នាក់នៅ ការចំណាយរបស់ភ្ញៀវ និងចំណូលដែលបានចែកចាយទៅដល់ប្រជាពលរដ្ឋ ព្រមទាំងអាជីវកម្មនៅតាមសហគមន៍មូលដ្ឋាន៕