FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត ធួន ស៊ីណាន រំពឹងថា ការរៀបចំយុទ្ធនាការ និងព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរក្នុងឆ្នាំ២០២៦ នឹងជះឥទ្ធិពលដល់កំណើនភ្ញៀវ នៅឆ្នាំ២០២៧ (Video inside)

30-10-2026 15:02

(ភ្នំពេញ)៖ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) រំពឹងថា កិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំយុទ្ធនាការ និងព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរក្នុងឆ្នាំ២០២៦ នឹងជះឥទ្ធិពលជាវិជ្ជមានដល់កំណើនភ្ញៀវទេសចរនៅឆ្នាំ២០២៧។

លោកបណ្ឌិតបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦ សមាគមបានបង្កើតយុទ្ធនាការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក រួមទាំងយុទ្ធនាការធំៗរយៈពេល ៤៥ថ្ងៃផងដែរ។ ជាក់ស្ដែង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ កម្ពុជានឹងទទួលស្វាគមន៍ភ្ញៀវទេសចរពីទីផ្សារនិយាយភាសារុស្ស៊ី។ ក្រៅពីនេះ ក៏មានគម្រោងជួបជាមួយភាគីពាក់ព័ន្ធនៅក្រៅប្រទេសក្នុងសមាគមផងដែរ។

សម្រាប់ឆ្នាំ២០២៧ សមាគមនឹងបន្តយុទ្ធនាការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក ដោយបន្តរៀបចំកម្មវិធី CTM ចំនួន ៣ដង គឺនៅខែមីនា ខែមិថុនា និងខែកញ្ញា ដែលនឹងពង្រីកខ្លួនធំជាងមុន។ លើសពីនេះ កម្ពុជាក៏មានផែនការជាមួយវៀតណាម ដើម្បីពង្រីកការផ្លាស់ប្ដូរទេសចរណ៍រវាងអ្នកទិញ និងអ្នកលក់ជារៀងរាល់ខែ ហើយក៏កំពុងពិចារណាពង្រីកកិច្ចសហប្រតិបត្តិការស្រដៀងគ្នានេះជាមួយប្រទេសឡាវ ភូមា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងសិង្ហបុរីផងដែរ។ ផែនការទាំងនេះត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន។

លោកបណ្ឌិត ធួន ស៊ីណាន លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «វិធានការគន្លឹះជំរុញកំណើនទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៧»។

សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោកបណ្ឌិត ធួន ស៊ីណាន៖