បណ្ឌិត កៅ ថាច៖ ការខូច CBC មិនគួរជាលក្ខខណ្ឌច្រានចោលការផ្ដល់កម្ចីដល់ MSMEs ឡើយ ខណៈ FASMEC កំពុងស្នើទៅធនាគារជាតិសុំការអនុគ្រោះឱ្យបន្ធូរបន្ថយ (Video inside)
29-10-2026 16:16
(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសង្កត់ធ្ងន់ថា ការខូចប្រវត្តិឥណទាន ឬខូច CBC មិនគួរត្រូវបានចាត់ទុកជាលក្ខខណ្ឌដាច់ខាតក្នុងការបដិសេធការផ្ដល់កម្ចីដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នោះទេ។
លោកបានបញ្ជាក់ថា ព័ត៌មានពី CBC គ្រាន់តែជាទិន្នន័យសម្រាប់ធនាគារពិចារណាប៉ុណ្ណោះ ហើយការសម្រេចចិត្តផ្ដល់ ឬមិនផ្ដល់ឥណទាន គឺស្ថិតលើការវាយតម្លៃរបស់ធនាគារផ្ទាល់។
លោកបណ្ឌិតបានលើកឡើងថា ករណីខូចប្រវត្តិឥណទានមួយចំនួន គឺបណ្ដាលមកពីកាលៈទេសៈបង្ខំ មិនមែនជាចេតនារបស់អ្នករកស៊ីឡើយ ជាក់ស្ដែងដូចជានៅក្នុងសម័យកូវីដ-១៩ជាដើម។ ដូច្នេះ ប្រសិនបើអតិថិជនមានផែនការច្បាស់លាស់ មានឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តអាជីវកម្ម ធនាគារគួរតែផ្ដល់ឱកាស។
លោកបណ្ឌិត កៅ ថាច លើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចសន្ទនាពិសេស «ការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទាន MSMEs នៅកម្ពុជា៖ គោលនយោបាយភាពជាដៃគូ កាលានុវត្តភាព និងទិសដៅអនាគត» នៅវេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) គូសបញ្ជាក់ថា ដោយមើលឃើញពីបញ្ហានេះ FASMEC កំពុងស្នើសុំទៅធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយ ដើម្បី MSMEs មានលទ្ធភាពទទួលបានឥណទាន ខណៈមានសហគ្រាសទាំងតូចទាំងធំប្រមាណ ៧០% បានខូចប្រវត្តិឥណទាន។
លោកបន្ថែមថា FASMEC ស្នើសុំឱ្យធនាគារជាតិពិចារណាកាត់បន្ថយលក្ខខណ្ឌដែលតម្រូវឱ្យសហគ្រាសកសាងខ្លួនរយៈពេល ៣ ឆ្នាំ ទើបអាចខ្ចីប្រាក់បាន មកត្រឹម ៦ ខែវិញ ដើម្បីជួយសម្រួលដល់ការងើបឡើងវិញរបស់ MSMEs។ លោកថា បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា កំពុងពិចារណាលើសំណើនេះផងដែរ។
សូមស្ដាប់ការពន្យល់លម្អិតរបស់ លោកបណ្ឌិត កៅ ថាច និងលោកឧកញ៉ា តែ តាំងប៉៖








