លោកស្រីបណ្ឌិត ជា សិរី៖ កិច្ចប្រជុំ Black Swan Summit Cambodia នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ នឹងជួយពង្រីកកិច្ចសន្ទនាហិរញ្ញវត្ថុឌីជីថលរវាងកម្ពុជា និងអន្តរជាតិ
28-10-2026 16:13
(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ Black Swan Summit Cambodia ដែលរៀបចំរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ចំពោះកិច្ចប្រជុំ Black Swan Summit Cambodia នឹងពង្រីកកិច្ចសន្ទនាហិរញ្ញវត្ថុឌីជីថលរវាងកម្ពុជា និងអន្តរជាតិ។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «កម្ពុជាធ្លាប់ឆ្លងកាត់ពេលវេលាដ៏លំបាកមួយកាលពីអតីតកាល ដោយត្រូវកសាងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន ឡើងវិញពីចំណុចសូន្យ។ ថ្ងៃនេះ យើងបានក្លាយជាចំណែកដ៏សំខាន់មួយ ក្នុងកិច្ចពិភាក្សាជាសកល ស្តីពីការវិវត្តនៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុនាពេលអនាគត»។
លោកស្រីបានបន្ដថា ប្រព័ន្ធបាគងបានបង្ហាញឱ្យយើងឃើញថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថលអាចជួយជំរុញប្រតិបត្តិការអន្តរធនាគារឱ្យកាន់តែទូលំទូលាយ ពង្រីកលទ្ធភាពទទួលបានសេវាទូទាត់ឌីជីថល ពង្រឹងតួនាទីរបស់ប្រាក់រៀល និងតភ្ជាប់កម្ពុជាឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសនានា។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា «ចំពោះកិច្ចប្រជុំ Black Swan Summit Cambodia នឹងផ្តល់ជាវេទិកាសម្រាប់ពិភាក្សាកាន់តែទូលំទូលាយ អំពីបទពិសោធទាំងនេះជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសហ្វ្រង់កូហ្វូន ព្រមទាំងសិក្សារៀនសូត្រ ពីបទពិសោធរបស់ភាគីផ្សេងទៀតផងដែរ»៕
