FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការវិនិយោគកម្ពុជា លើកទឹកចិត្តឱ្យក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ពង្រីកវិនិយោគបន្ថែមលើវិស័យកសិកម្ម

28-10-2026 14:58

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ដឹកនាំដោយលោក Hiroshi Uematsu នាយកប្រតិបត្តិក្រុមហ៊ុន។

បន្ទាប់ពីមតិស្វាគមន៍របស់លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោក Hiroshi Uematsu បានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរ ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់កិច្ចសហការ និង ការគាំទ្រយ៉ាងល្អប្រសើរដល់សកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន ជាពិសេសការយកចិត្តទុកដាក់របស់ អគ្គលេខាធិការចំពោះការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។

លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាព នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលមានកំណើន នៃការនាំចេញជាបន្តបន្ទាប់ និងការត្រៀមរៀបចំពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានជម្រាបជូន អំពីការគិតគូរអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកំពង់ធំផងដែរ។

លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ និងបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនខិតខំជំរុញល្បឿន នៃដំណើរការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសថ្មី ស្ថិតនៅខេត្តកំពង់ធំ ដែលក្រុមហ៊ុនបានចុះអនុស្សារណៈយោគយល់គ្នាជាមួយរដ្ឋបាលខេត្តកំពង់ធំ ដើម្បីពង្រីកសកម្មភាពវិនិយោគ និងរួមចំណែកបន្ថែមទៀតដល់ការអភិឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា លើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា។

បន្ថែមលើនេះ លោកអគ្គលេខាធិការ ក៏បានស្នើឱ្យក្រុមហ៊ុនគិតគូរវិនិយោគកែច្នៃកសិផលមួយចំនួនដែលមានសក្តានុពលខ្ពស់ ដូចជា ដំទ្បូងមី ស្រូវអង្ករ និងកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក បង្កើតឱកាសការងារ ជំរុញការនាំចេញ និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីសក្តានុពលធនធានកសិកម្មរបស់កម្ពុជា។

មួយវិញទៀត លោកអគ្គលេខាធិការ បានទាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការវិនិយោគក្នុងឧស្សាហកម្មឈើដាំ ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ឧស្សាហកម្មផលិតគ្រឿងសង្ហារិម ឧស្សាហកម្មផលិតក្តារបន្ទះ ដែលបច្ចុប្បន្នកំពុងមានតម្រូវ និងទៅអនាគតក៏នឹងកាន់តែមានតម្រូវការខ្ពស់៕