ការទិញផលិតផលខ្មែរមួយមុខ ស្មើនឹងការផ្តល់ការងារដល់កូនខ្មែរម្នាក់ រក្សាលុយឱ្យនៅក្នុងប្រទេស និងជួយឱ្យសហគ្រាសខ្មែរ អាចឈរជើងបានរឹងមាំ (Video inside)
27-10-2026 16:07
(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់ ឱ្យរួមគ្នាបណ្ដុះមនសិការជាតិក្នុងការគាំទ្រផលិតផលខ្មែរ ដោយលោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការទិញផលិតផលខ្មែរមួយមុខ គឺស្មើនឹងការផ្ដល់ការងារដល់កូនខ្មែរម្នាក់ ការរក្សាលុយឱ្យនៅក្នុងប្រទេស និងការជួយឱ្យសហគ្រាសខ្មែរអាចឈរជើងបានរឹងមាំ។
លោកបណ្ឌិត កៅ ថាច ថ្លែងបែបនេះ ធ្វើឡើងក្នុង នៅក្នុងវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ។
ទន្ទឹមគ្នានេះ លោកបានជំរុញឱ្យ សហគ្រិនខ្មែរទាំងអស់ ត្រូវពង្រឹងគុណភាព អនាម័យ និងភាពស្មោះត្រង់ជាមួយអតិថិជន ដើម្បីឱ្យផលិតផលខ្មែរមានន័យស្មើនឹង «គុណភាព សុវត្ថិភាព និងភាពថ្លៃថ្នូរ» និងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់។
ជាមួយគ្នានេះ លោកបណ្ឌិត កៅ ថាច ក៏បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យបន្តសម្លឹងមើលសហគ្រិនខ្មែរ មិនត្រឹមតែតាមរយៈតួលេខ និងប្លង់ដីប៉ុណ្ណោះទេ ប៉ុន្តែសូមសម្លឹងមើលតាមរយៈសក្ដានុពល ចក្ខុវិស័យ និងភាពស្មោះត្រង់របស់ពួកគាត់។
ស្របពេលជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទាំងអស់ បន្តចូលរួមគាំទ្រអាជីវកម្មខ្មែរ និងប្រើប្រាស់ផលិតផលខ្មែរ នៅពេលដែលផលិតផលក្នុងស្រុកមានគុណភាព តម្លៃសមរម្យ និងអាចបំពេញតម្រូវការរបស់ខ្លួនបាន។ ការជ្រើសរើស និងប្រើប្រាស់ផលិតផលខ្មែរ មិនមែនគ្រាន់តែជាការគាំទ្រដល់អាជីវកម្មខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកក្នុងការរក្សាការងារ និងការបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរ ការលើកកម្ពស់ផលិតកម្មជាតិ ការជំរុញកំណើន និងការពង្រឹងឯករាជ្យភាពនៃសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំថែមទៀតផងដែរ៕










