ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជំរុញធនាគារផ្តល់ឥណទាន ដល់ MSMEs ដោយមិនសំឡឹងមើលតែទ្រព្យបញ្ចាំ និងណែនាំ MSMEs ពង្រឹងសមត្ថភាព និងជំនឿចិត្ត (Video inside)
27-10-2026 15:10
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានលើកទឹកចិត្តដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងរដ្ឋ និងឯកជន ឱ្យបន្តបង្កើនលទ្ធភាពផ្តល់ហិរញ្ញប្បទានក្នុងទំហំសមស្រប និងអត្រាការប្រាក់ទាបសមរម្យ ជូនដល់សហគ្រាសធុនតូច និងមធ្យម (MSMEs)ដោយមិនគួរផ្តោតតែលើទ្រព្យបញ្ចាំនោះទេ ប៉ុន្តែគួរពិចារណាលើសមត្ថភាព និងភាពជឿទុកចិត្តរបស់ MSMEs។
ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យ MSMEs ទាំងអស់ បន្តពង្រឹងស្តង់ដានៃការគ្រប់គ្រងអាជីវកម្ម រៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងពេញលេញ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយៈការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ។
ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញចូលរួមក្នុងវេទិកាថ្នាក់ជាតិ ស្តីពី ហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ការកសាងសមត្ថភាពផ្ទៃក្នុង ការពង្រឹងអនុលោមភាព ការកែលម្អអភិបាលកិច្ចធុរកិច្ច និងការវិនិយោគលើស្តង់ដា គុណភាព សុវត្ថិភាព អនាម័យ និងការទទួលខុសត្រូវ ចំពោះបរិស្ថាន គឺជាចំណុចគន្លឹះដែល MSMEs ត្រូវយកចិត្តទុកដាក់។ កត្តាទាំងនេះមិនត្រឹមតែជាតម្រូវការ របស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចង់បានរបស់អតិថិជន វិនិយោគិន និងទីផ្សារផងដែរ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា ការផ្លាស់ប្តូរផ្នត់គំនិតពី «អនុលោមភាពជាបន្ទុក មកជា អនុលោមភាពជាការវិនិយោគជាយុទ្ធសាស្ត្រ» នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានសន្ទុះខ្លាំងឡើង និងពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ៕










