FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ អាចថមថយមកត្រឹម ៤% ដោយសារវិបត្តិប្រេងឥន្ធនៈ (Video inside)

27-10-2026 14:37

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានការថមថយ មកអត្រាប្រមាណ ៤% នៅឆ្នាំ២០២៦ ដោយសារការទទួលរងនូវផលវិបាកជាអវិជ្ជមានផ្ទួនគ្នា ជាពិសេសការកើនថ្លៃប្រេងឥន្ធនៈ។

ការបញ្ជាក់ឱ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីភាព ក្នុងវេទិកាថ្នាក់ជាតិ ស្តីពី ហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានការថមថយបន្តិច បើធៀបនឹងកំណើន ក្នុងឆ្នាំ២០២៥ កន្លងទៅ, ពោលគឺអាចនឹងសម្រេចបាន ក្នុងអត្រាប្រមាណ ៤% ប៉ុណ្ណោះ, ដោយសារការទទួលរងនូវផលវិបាកជាអវិជ្ជមានផ្ទួនគ្នា, ជាពិសេស ការកើនថ្លៃប្រេងឥន្ធនៈ ដែលបង្កឡើងដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា»។

បើតាមឧបនាយករដ្ឋមន្ត្រី, ការព្យាករណ៍នេះ តាមការវាយតម្លៃចុងក្រោយ របស់ក្រសួងសេដ្ឋកិច្ច កាលពីដំណាច់ខែកញ្ញា កន្លងទៅ ដែលជារួម មានសង្គតិភាពជាមួយនឹងការវាយតម្លៃ របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិសំខាន់ៗ, រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ការិយាល័យម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) ជាដើម។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការសម្រេចបានលទ្ធផលដ៏ល្អ នូវការអភិវឌ្ឍលើគ្រប់វិស័យ, ទាំងក្នុងរយៈកាលកន្លងទៅ, នាបច្ចុប្បន្ន និង តទៅអនាគត, ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ពីការរួមចំណែកដ៏សំខាន់ និង មិនអាចខ្វះបាន ពីសំណាក់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏ចាំបាច់ នៃកំណើនសេដ្ឋកិច្ច និង ជាឆ្អឹងខ្នងដ៏រឹងមាំ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទាំងមូល។

ច្បាស់ណាស់ថា វិស័យឯកជន, ជាពិសេស MSMEs, បាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការបង្កើតការងារ និងមុខរបរ, ការបង្កើនប្រាក់ចំណូលជូនប្រជាជន, ការកាត់បន្ថយភាពក្រីក្រ, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់, ជាពិសេស ក្នុងបរិការណ៍ដែលស្មារតីស្នេហាជាតិ និងចលនារួបរួមជាតិ កាន់តែមានសម្ទុះខ្លាំងឡើង, ដែលជួយជំរុញដល់ការលើកស្ទួយ និង ការឱ្យតម្លៃផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូល ពីប្រទេសជិតខាង។

ការណ៍នេះ គឺជាកាលានុវត្តភាពមួយដ៏វិសេស សម្រាប់ MSMEs ធ្វើការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន; ចូលរួមធ្វើពិពិធកម្មផលិតផលក្នុងស្រុក និង ពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់ប្រទេស និង សកម្មរួមចំណែក ក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូល, ការពង្រឹងឯករាជ្យភាពនៃសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរឹងមាំ, និង ការជំរុញកំណើនសេដ្ឋកិច្ច ឱ្យកាន់តែមានសម្ទុះខ្លាំងឡើង។ នេះជាការគូសបញ្ជាក់ របស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ក្នុងស្មារតីនេះហើយ ទើបរាជរដ្ឋាភិបាល ទាំងក្នុងបណ្ដានីតិកាលកន្លងទៅ ក៏ដូចជា សម្រាប់នីតិកាលទី ៧ នេះ នៃរដ្ឋសភា, តែងតែផ្ដល់អាទិភាពខ្ពស់ ដល់ការអភិវឌ្ឍ និងការគាំពារចំពោះវិស័យឯកជន ជាពិសេស MSMEs ក្នុងការទទួលបាននូវហិរញ្ញប្បទាន តាមរយៈការផ្ដួចផ្ដើមបង្កើត ជាស្ថាប័នគាំទ្រសំខាន់ៗ រហូតដល់ចំនួន៨ បន្ថែមពីលើគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុឯកជន ក្នុងនោះ រួមមាន៖

១)៖ ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម,
២)៖ ធនាគារសហគ្រាសធុនតូច និង មធ្យម កម្ពុជា,
៣)៖ សាជីវកម្មធានាឥណទានកម្ពុជា,
៤)៖ ផ្សារមូលបត្រកម្ពុជា,
៥)៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព,
៦)៖ មូលនិធិអភិវឌ្ឍន៍ជំនាញ,
៧)៖ សហគ្រិនខ្មែរ,
និង ៨)៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ»៕