ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់ (Video inside)
26-10-2026 17:51
(ភ្នំពេញ)៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានសង្កត់ធ្ងន់ថា ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើងនៅក្នុងការកសាងសមត្ថភាពផលិត គឺជារឿងចាំបាច់ ដើម្បីធានាបាននូវផលិតផលមានគុណភាព និងការប្រកួតប្រជែងនៅលើទីផ្សារ។ ដូច្នេះហើយ ទើបរដ្ឋាភិបាលបានគិតគូរយ៉ាងម៉ត់ចត់ក្នុងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្តជាច្រើន ជាពិសេសសម្រាប់វិស័យកសិកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។
លោកបានពន្យល់ថា កញ្ចប់លើកទឹកចិត្តទាំងនោះរួមមាន ការលើកលែងពន្ធរយៈពេល ៩ ឆ្នាំសម្រាប់វិស័យកសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងការបន្តលើកលែងពន្ធលើប្រាក់ចំណេញមួយផ្នែកទៀតរយៈពេល ៦ ឆ្នាំបន្ទាប់។ នេះជាការចំណាយរបស់រដ្ឋាភិបាលដើម្បីជួយវិនិយោគិនឱ្យមានលទ្ធភាពបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួន។
ទន្ទឹមគ្នានេះ លោក សួន សុផល ក៏បានអំពាវនាវដល់ផ្នែកឯកជនឱ្យផ្លាស់ប្តូរផ្នត់គំនិត ពីការស្វែងរកបញ្ហារដ្ឋាភិបាល មកជាការចូលរួមសន្ទនាដោយស្មោះត្រង់ និងស្វែងរកដំណោះស្រាយរួមគ្នាតាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីកសាង និងអភិវឌ្ឍសមត្ថភាពផលិតកម្មឱ្យកាន់តែរឹងមាំ។ ការសហការគ្នានេះនឹងជួយឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាង និងនៅលើទីផ្សារអន្តរជាតិបានប្រកបដោយប្រសិទ្ធភាព។
លោក សួន សុផល លើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាក្នុងពិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ ២០២៦ (CAFE26)។
សូមស្តាប់ការលើកឡើងបន្ថែមរបស់លោក សួន សុផល៖










