FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា សៀ ឬទ្ធី៖ វិស័យកសិកម្មកំពុងមានការរីកចម្រើន និងជាឱកាសមាសសម្រាប់វិនិយោគិនកម្ពុជា (Video inside)

25-10-2026 08:29

(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប (WorldBridge Group of Companies) បានគូសបញ្ជាក់ថា វិស័យកសិកម្មនៅកម្ពុជាកំពុងមានការរីកចម្រើន និងជាឱកាសដ៏ល្អសម្រាប់វិនិយោគិន ជាពិសេសនៅពេលដែលវិស័យអចលនទ្រព្យមានភាពថមថយ។

ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ លោកបានលើកឡើងថា អ្នករកស៊ីជាច្រើនបានងាកមកចាប់អារម្មណ៍លើវិស័យកសិកម្មនេះ ដែលជាចំណុចចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍។

ដើម្បីគាំទ្រដល់វិស័យនេះ ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប បានបង្កើតមូលនិធិមួយ (fund) ដែលផ្តោតលើការប្រមូលទុនពីក្នុង និងក្រៅស្រុក ដើម្បីជួយដល់វិស័យកសិកម្ម។

អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើពិពិធកម្មផលិតផលកសិកម្ម ដោយលើកឧទាហរណ៍ពីប្រទេសវៀតណាម ដែលបានបង្កើនការនាំចេញផ្លែឈើ និងបន្លែយ៉ាងច្រើន ដោយសារតែភាពងាយស្រួលក្នុងការដឹកជញ្ជូន វេចខ្ចប់ និងតម្លៃលក់ខ្ពស់។

លោកបានលើកទឹកចិត្តឱ្យកម្ពុជា គួរតែផ្តោតលើផលិតផលកសិកម្មណា ដែលអាចបង្កើនតម្លៃបន្ថែម និងមានភាពងាយស្រួលក្នុងការនាំចេញ ហើយថា ថ្មីៗនេះ ក្រុមហ៊ុនរបស់លោក ក៏បានសម្ពោធតំបន់សេដ្ឋកិច្ចពិសេសកសិកម្មមួយ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង ដែលនឹងអាចប្រមូលមូលនិធិពីវិនិយោគិននានា ដើម្បីផ្តល់កម្ចីដល់កសិករ ដែលមានផលិតផលជាវត្ថុបញ្ចាំ នៅក្នុងឃ្លាំងរបស់ក្រុមហ៊ុន៕

សូមស្តាប់ការលើកឡើងរបស់អ្នកឧកញ៉ា សៀ ឬទ្ធី៖