ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងរៀបចំវេទិកាថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៦ នៅដើមសប្ដាហ៍ក្រោយ
23-10-2026 14:35
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំវេទិកាថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A, B, C) រាជធានីភ្នំពេញ។
វេទិកាថ្នាក់ជាតិនេះ រៀបចំឡើងក្នុងស្មារតីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្រាប់វេទិកាថ្នាក់ជាតិរយៈពេល២ថ្ងៃនេះ ដែលមានបទបង្ហាញ និងកិច្ចពិភាក្សាជុំវិញប្រធានបទសំខាន់ៗ រួមមាន៖ គោលនយោបាយគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម, ការទទួលបានហិរញ្ញប្បទានតាមរយៈវិស័យធនាគារ និងមិនមែនធនាគារ, ព្រមទាំងតួនាទីនៃទិន្នន័យ និងថ្នាលឌីជីថល។
បន្ថែមពីនេះ វេទិកានឹងមានការរៀបចំកិច្ចសន្ទនាពិសេស ស្តីពី «ការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទាន MSMEs នៅកម្ពុជា៖ គោលនយោបាយភាពជាដៃគូ កាលានុវត្តភាព និងទិសដៅអនាគត»។
វេទិកាថ្នាក់ជាតិនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារ ARDB ក្នុងការចូលរួមគាំទ្រ MSMEs ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាប្រភពដ៏សំខាន់នៃការងារ និងប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុសាធារណៈ ធនាគារ ARDB នឹងបន្តពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទាន MSMEs ប្រកបដោយបរិយាបន្ន និងចីរភាព, សំដៅចូលរួមចំណែកក្នុងការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕



